(កណ្តាល)៖ លោកស្រី ឃួន សុដាវី សមាជិការដ្ឋសភា និងជាប្រធានក្រុមការងារគណៈពង្រឹង ស្រុកលើកដែកខេត្តកណ្តាល បានលើកឡើងថា ការមិនយកចិត្តទុកដាក់ជម្រុញ​ថែម ​ទៀតលើការវិនិយោគលើសមភាពយេនឌ័រ ពង្រឹងភាពអង់អាចដល់ស្រ្តី និងក្មេងស្រី វានាំឲ្យខាតប្រយោជន៍គ្រួសារ និងខាតប្រយោជន៍ដល់សង្គម។

ការលើកឡើងរបស់លោកស្រី ឃួន សុដារី បែបនេះធ្វើឡើងខណៈជួបសំណេះសំណាល ជាមួយតំណាងនារីទូទាំងស្រុកលើកដែក ខេត្តកណ្តាល ដែលបានជួបជុំធ្វើពិធីអបអរសាទរទិវានារីអន្តរជាតិ ៨មីនា ឆ្នាំ២០១៦ នាព្រឹកថ្ងៃទី០៦ ខែមីនានេះ ។

លោកស្រីលើកឡើងថា បើយើងសម្រេចបានសមភាពយេនឌ័រ ដែលធ្វើឲ្យស្រ្តី និងបុរស ជាដៃគូស្មើភាពក្នុងការងារឈានទៅកំរិតសមភាពយេនឌ័រ៥០ លើ៥០ នោះធ្វើឲ្យការកសាងសេដ្ឋកិច្ចគ្រួសារ និងសង្គម សម្រេចបាននូវកំណើនសេដ្ឋកិច្ច ឆាប់រហ័សប្រកបដោយសមធម៌ និងចីរភាព។ សមាជិករដ្ឋសភាមណ្ឌលកណ្តាលរូបនេះបានបន្តទៀតថា បញ្ហាលើកកំពស់សិទ្ធិស្រ្តី កន្លងមកនេះរដ្ឋសភា និងរាជរដ្ឋាភិបាលកម្ពុជា បានអនុម័តច្បាប់នានា និងកំពុងយកចិត្តទុកដាក់ ដាក់ចេញនូវវិធានការជាក់លាក់ជាច្រើន ដើម្បីលើកកម្ពស់សមភាពយេនឌ័រ នេះដោយបានចាត់ទុកស្រ្តី គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គមជាតិ ប៉ុន្តែការងារនេះទាមទារឲ្យយើងទាំងអស់គ្នា ចូលរួមវិនិយោគលើសមភាពយែនឌ័រ ទើបសម្រេចបាននូវលទ្ធផលសមភាពយេនឌ័រ ៥០លើ៥០។

លោកស្រី ឃួន សុដាវី បន្ថែមថា លទ្ធផលល្អបានមកពីការខិតខំរបស់រដ្ឋាភិបាល ដឹកនាំដោយសម្តេចតេជោ បច្ចុប្បន្ននេះបង្កើនបានចំនួនស្រ្តីចូលរួម គ្រប់ការងារ ក្នុងសង្គមទាំងក្នុងស្ថាប័នរដ្ឋ ទាំងថ្នាក់ជាតិ រហូតដល់ថ្នាក់ក្រោមជាតិ និងក្នុងវិស័យឯកជន។

ជាមួយគ្នានោះ បានបង្កើនភាពអង់អាចដល់ស្រ្តីឲ្យចូលរួមធ្វើសេចក្តីសម្រេច ព្រមទាំងបន្តជម្រុញឲ្យគ្រប់ស្ថាប័ន ត្រូវបង្កលក្ខណៈជ្រើសរើសប្រឡង មន្រ្តីរាជការឲ្យចូលបម្រើការងារត្រូវមានស្រ្តី ២០-៥០ភាគរយ មិនតែប៉ុណ្ណោះរាជរដ្ឋាភិបាលបានពន្យារអាយុមន្រ្តីដែលជាស្រ្តីចូលនិវត្តន៍ ដល់អាយុ៦០ឆ្នាំ។ លោកស្រីបានបញ្ជាក់ថា ការអប់រំស្រ្តីវ័យក្មេង គឺជាឧបករណ៍ដ៏មានឥទ្ធិពលបំផុតសម្រាប់ការលើកកំពស់សិទ្ធi​អំណាចស្រ្តី ទៅថ្ងៃអនាគត។

សូមជំរាបថា នាពេលកន្លងមកមានស្រ្តីជាមេផ្ទះ និងក្មេងស្រីមួយចំនួន​ក្នុងប្រទេសកម្ពុចា ជួបបញ្ហាប្រឈមនៅឡើយទេ ដូចជាការរំលោភបំពានផ្លូវភេទ អំពើហិង្សាលើស្រ្តី ការជួញដូរផ្លូវភេទ ការបោកបញ្ឆោត ការរើសអើង ភាពក្រីក្រ និងសុខភាពទន់ខ្សោយជាដើម ដែលទាមទារមានការចូលរួមឲ្យមានការចូលរួមលើកកំពស់សិទ្ធិស្រ្តី និងតំលៃគ្រួសារខ្មែរនៅគ្រប់ថ្នាក់ គ្រប់ផ្នែកក្នុងសង្គម។ ក្នុងឱកាសនោះ លោកស្រី បានជូនវត្ថុអនុស្សាវរីយ៍ ដល់តំណាងនារីស្រុកលើកដែក ក្នុងពិធីអបអរសាទរនារីអន្តរជាតិ ៨មីនា ឆ្នាំ២០១៦ ម្នាក់ៗ សំពត់សឹង១ និងថវិកា៤ ម៉ឺនរៀល៕