(កំពត)៖ កម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តកំពត នៅវេលាម៉ោង ៩ព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១នេះ បានបង្ក្រាបជនជាតិចិន១១នាក់ ដែលបម្រុងធ្វើដំណើរឆ្លងកាត់ខេត្តកំពត ទៅរាជធានីភ្នំពេញ បន្លំជិះក្នុងរថយន្ដដឹកជំនិញដើម្បីបំភាន់ភ្នែកសមត្ថកិច្ច។

ស្នងការនគររបាលខេត្តកំពត លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា កម្លាំងប្រចាំការនៅគោលព្រំប្រទល់ខេត្តរបស់លោក បានធ្វើការឃាត់រថយន្តមួយគ្រឿង នៅភូមិអង្គឃ្លៃ ឃុំត្រម៉ែង ស្រុកឈូក ដែលបានរត់ពន្ធដឹកជនជាតិចិនចំនួន១១នាក់ ពីខេត្តព្រះសីហនុ ដោយធ្វើដំណើរតាមផ្លូវជាតិលេខ៤ ឆ្លងកាត់តាមភូមិសាស្ត្រ នៅឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក។

បើតាមលោកឧត្តមសេនីយ៍ស្នងការ រថយន្ដដែលសមត្ថកិច្ចបង្ក្រាបបាននោះ ម៉ាក សាំយ៉ុង ពណ៌ទឹកប្រាក់ ស្លាកលេខភំ្នពេញ2AH-0465។

លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានបញ្ជាក់ថា តាមការសួរនាំជំហ៊ានដំបូង ពួកគេធ្វើដំណើរមកពីខេត្តព្រះសីហនុ ហើយក្នុងគោលដៅទៅរាជធានីភ្នំពេញ ដោយប្រើប្រាស់រថយន្ដខាងលើនេះ បិទបាំងកេសស្នោនៅជុំវិញកញ្ចប់ ដើម្បីបន្លំភ្នែកសមត្ថកិច្ចថាជារថយន្ដដឹកគ្រឿងសមុទ្រ។ បច្ចុប្បន្នជនសង្ស័យទាំង១១នាក់នោះ ត្រូវបានបញ្ជូនទៅសួរនាំ ដើម្បីស្រាវជ្រាវតាមខ្លួនមេក្លោងបន្ដទៀត៕