(ភ្នំពេញ)៖ តំណាងសហជីព និងអង្គការសង្គមស៊ីវិល​ចំនួន ២១ស្ថាប័ន បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដើម្បីស្នើដល់រដ្ឋសភា ពិចារណាឡើងវិញ លើសេចក្តីព្រាងច្បាប់សហជីព។ សេចក្តីថ្លែងការណ៍រួមចុះថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៦ បានបង្ហាញឲ្យដឹងថា តំណាងសហជីព និងអង្គការសង្គមស៊ីវិល​ចំនួន ២១ស្ថាប័ន បានស្នើឲ្យរដ្ឋសភាផ្តល់ពេលវេលាគ្រប់គ្រាន់ សម្រាប់សហជីពផ្តល់យោបល់ លើសេចក្តីព្រាងច្បាប់ស្តីពីសហជីពឲ្យបានគ្រប់ជ្រុងជ្រោយ និងស្នើឲ្យយកសំណើរបស់សហជីពដាក់បញ្ចូលទៅ ក្នុងសេចក្តីព្រាងច្បាប់ ស្តីពីសហជីព។

តំណាងសហជីព និងអង្គការសង្គមស៊ីវិលខាងលើសង្ឃឹមថា សមាជិករដ្ឋសភាទាំងអស់ នឹងទទួលយកសំ​ណើរបស់សហជីពខាងលើ ដើម្បីឲ្យច្បាប់នេះធានាដល់ការរៀបចំ និងចូលរួមសកម្មភាពរបស់កម្មករ និយោជិតនាពេលអនាគត។

យោងតាមសេចក្តីថ្លែងការណ៍រួមខាងលើ បានបញ្ជាក់ទៀតថា សិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីសហជីពដែល គ្រោងធ្វើនៅថ្ងៃទី០៩ ខែមីនា ខាងមុខនេះ នៅក្នុងរបៀបវារៈ គឺផ្តល់ពេលវេលារយៈពេលកន្លះម៉ោងឲ្យភាគីពាក់ព័ន្ធសួរសំណួរ។ រយៈពេលនេះហើយ ដែលតំណាងសហជីព និងអង្គការសង្គមស៊ីវិល យល់ឃើញថា សិក្ខាសាលាខាងលើហាក់ដូចជា គ្មានអត្ថន័យក្នុងការពិគ្រោះយោបល់ ហើយមានពេលវេលាមិនគ្រប់គ្រាន់ សម្រាប់សហជីពឯករាជ្យដើម្បីបង្ហាញពីការព្រួយបារម្ភនូវមាត្រាមួយចំនួន ដែលជាកង្វល់របស់សហជីព។

សេចក្តីថ្លែងការណ៍រួមរបស់តំណាងសហជីព និងអង្គការសង្គមស៊ីវិលនាពេលនេះ បានធ្វើឡើងមុនសេចក្តីព្រាងច្បាប់សហជីព​ នឹងលើកយកទៅពិគ្រោះយោបល់ នៅក្នុងសិក្ខាសាលាថ្នាក់ជាតិ គ្រោងនឹងរៀបចំធ្វើនៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៦ ខាងមុននេះ៕