(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១នេះ បានចាក់វ៉ាក់សាំងអាស្ត្រាហ្សេនីកាលើកទី២រួចរាល់ហើយ។

សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហោះនៅលើ Facebook ផ្លូវការនាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ យ៉ាងដូច្នេះថា «ពីរនាក់បានហើយ ដើម្បីអាចចេញទៅប្រជុំកំពូលអាស៊ាននៅឥណ្ឌូនេស៊ី ថ្ងៃទី ២៤ មេសា ២០២១ ខាងមុខខ្ញុំត្រូវចាក់វ៉ាក់សាំងដូសទី២ នៅព្រឹកថ្ងៃទី ២០ មេសា ២០២១ នេះ។

លើកនេះមិនចាក់នៅមន្ទីរពេទ្យទេ គឺចាក់នៅគេហដ្ឋានជាមួយភរិយានិងកូនស្រីពៅខុសគ្នាតែប្រភេទវ៉ាក់សាំងប៉ុណ្ណោះ។ ខ្ញុំនិងភរិយាទទួល Astra Zeneca រីឯកូនស្រីពៅទទួលដូសទី២នៃវ៉ាក់សាំង Sinovac។

ខ្ញុំនៅបន្តចាក់ដៃឆ្វេងដដែល ដើម្បីទុកដៃស្តាំបន្តកិច្ចការតទៅទៀត។ រឿងដែលបារម្មណ៍តើខ្ញុំងងុយដេកដូច កាលចាក់ដូសទីមួយឬទេ? បើងងុយដេក ឯកសារច្បាស់ជានៅលើតុនិងមិនបាន ហាត់ប្រាណផងដែរ»

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាជាច្រើនរូបទៀត បានចាក់វ៉ាក់សាំងអាស្ត្រាហ្សេនីកាលើកទី០១ កាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១កន្លងទៅនេះ។

តាមការគ្រោងទុកសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត គ្រោងចាក់វ៉ាក់សាំងដូសទី២ នៅថ្ងៃទី២៩ ខែមេសា តែដោយសារសម្តេចតេជោ ត្រូវមានដំណើរចេញទៅប្រជុំអាស៊ាន នៅប្រទេសឥណ្ឌូនេស៊ី នាថ្ងៃទី២៤ ខែមេសា ខាងមុខនេះ ទើបសម្តេចសម្រេចាក់វ៉ាក់សាំងដូសទី២នៅថ្ងៃនេះតែម្តង។

ដោយសារតែកម្ពុជាកំពុងស្ថិតក្នុងការឆ្លងរាលដាលខ្លាំងនៃជំងឺកូវីដ១៩នោះ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានចាក់វ៉ាក់សាំងលើកទី២ នៅគេហដ្ឋាននាក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីចូលរួមប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩៕