(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាឲ្យប្រើប្រាស់វិធានការបិទខ្ទប់ ចំពោះផ្សារ ឬទីតាំងលក់ដូរទាំងឡាយណា ដែលមិនមានរបៀបរៀបរយ ឬមានហានិភ័យខ្ពស់ ក្នុងការឆ្លងរីករាលដាលជំងឺកូវីដ១៩។

ការដាក់បទបញ្ជារបស់សម្ដេចតេជោ ហ៊ុន សែន ធ្វើឡើងតាមសេចក្ដីណែនាំ ស្ដីពីវិធានការលម្អិតដើម្បីរឹតបន្ដឹងការអនុវត្តសេចក្ដីសម្រេច ស្ដីពីការបិទខ្ទប់ភូមិសាស្ដ្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្ដាល ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១នេះ។

ចំណុចទី១ នៃសេចក្ដីណែនាំនេះ បានកំណត់យ៉ាងដូច្នេះថា «អាជ្ញាធរអនុវត្តវិធានការបិទខ្ទប់ ត្រូវរឹតបន្តឹងការត្រួតពិនិត្យ នៅតាមផ្សារ និងទីកន្លែងលក់ដូរគ្រឿង ឧបភោគបរិភោគ និងភោជនីយដ្ឋាន-អាហារដ្ឋាន លក់អាហារវេចខ្ចប់ និងត្រូវហាមឃាត់មិនឱ្យបើកដំណើរការចំពោះផ្សារ ឬទីតាំងណាដែលមិនរៀបរយ ឬមានហានិភ័យខ្ពស់ក្នុងការចម្លង និងឆ្លងរាលដាល នៃជំងឺកូវីដ-១៩។ គណៈកម្មការប្រតិបត្តិ នៃ គ.ប.ខ. ត្រូវបង្កើតក្រុមការងារ មួយដើម្បីទទួលបន្ទុកការងារត្រួតពិនិត្យនេះ ដោយសហការជាមួយ ក្រសួងពាណិជ្ជកម្ម»

គួរជម្រាបថា រហូតមកដល់ពេលនេះទីតាំងផ្សារជាច្រើន ទាំងនៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្ដាល ត្រូវបានបិទខ្ទប់ជាបន្ដបន្ទាប់ ក្រោយរកឃើញថា មានអាជីវករ និងអ្នកធ្លាប់ចូលទៅកាន់ទីតាំងនោះ បានឆ្លងជំងឺកូវីដ១៩។ ដោយឡែក សម្រាប់ខេត្តព្រះសីហនុ អាជ្ញាធរ ក៏បានបិទផ្សារលើបណ្ដោះអាសន្នផងដែរ ក្រោយមានអាជីវករឆ្លងជំងឺនេះជាច្រើនរយនាក់៕

*** តាមដានព័ត៌មានផ្លូវការពីគ្រប់បណ្តាញរបស់ Fresh News !
Join US: https://t.me/freshnewsasia