(ភ្នំពេញ)៖ កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌឫស្សីកែវ បាន​រួមសហការជាមួយ ​កងកម្លាំងនគរបាលប៉ុស្ដិ៍ស្វាយប៉ាក បន្តការស្រាវជ្រាវ ដែលឈានដល់ការបង្ក្រាប​ឃាត់ខ្លួនជនជួញដូរគ្រឿង​ញៀន​ចំនួន២នាក់ ដែលកំពុងធ្វើសកម្មភាព​លបលួចចែកចាយថ្នាំញៀន។

ប្រតិបត្តិការរបស់កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌឫស្សីកែវ ត្រូវធ្វើឡើងនៅរសៀល ថ្ងៃទី០៥  ខែ​មិនា  ឆ្នាំ​២០១៦ នៅចំណុចផ្ឌះជួលគ្មានលេខ  ក្រុមទី៤ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

ជនសង្ស័យពាក់ព័ន្ធជួញដូរគ្រឿងញៀន ទី១. ឈ្មោះ ដួង ផល្លា ភេទប្រុស អាយុ២០ឆ្នាំ មានមុខរបរលក់ត្រី និង២. ឈ្មោះយិន ឌីណា ភេទស្រី អាយុ៣៥ឆ្នាំ មានមុខរបរនៅផ្ទះ ជនសង្ស័យទាំង២នាក់ ស្នាក់​នៅចំណុច​កើត​ហេតុខាងលើ ។  

បន្ទាប់ពីនាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ កាលពីពេលថ្មីៗ បានចេញបទបញ្ជាយ៉ាងក្ដៅគគុក ចំពោះ តាមបណ្ដាអធិការខណ្ឌទាំង១២ ក្នុងរាជធានី​ភ្នំពេញ និងតាមបណ្ដាប៉ុស្ដិ៍ណា ដែលបណ្ដែតបណ្ដោយ ឲ្យកម្លាំងនគរបាលថ្នាក់ស្នង​ការដ្ឋានរាជធានីភ្នំពេញ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន២ករណី នោះច្បាស់ត្រូវជាបាត់បង់តំណែង ទើបនៅ​រសៀល​ថ្ងៃនេះ កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌឫស្សីកែវ សហការនិងកម្លាំងនគរបាលប៉ុស្ដិ៍ស្វាយប៉ាក បានបន្តការស៊ើបអង្កេតរហូតឈានដល់ការបង្ក្រាប​ជនជួញដូរគ្រឿងញៀនចំនួន២នាក់ ដោយ​បានរកឃើញសារធាតុញៀន​ជាប្រភេទម៉ាទឹកកក ចំនួន២៨កញ្ចប់ ដែលជនត្រូវជាប់សង្ស័យបានរក្សាទុកធ្វើសកម្មភាពផ្ដល់ការចែកចាយដោយខុសច្បាប់នៅទីតាំងដែលចំណុចកើតហេតុខាងលើ ។

បច្ចុប្បន្នជនត្រូវសង្ស័យជួញដូរខុសច្បាប់​នូវសារធាតុទាំង២នាក់​រួមនិងវត្ថុតាង ត្រូវបានបញ្ជូនទៅឃុំខ្លួន​សាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីរៀបចំកសាងសំនុំរឿង​បញ្ជូនខ្លួនបន្តទៅ​អយ្យការសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនិតិវិធីច្បាប់ ៕