(កំពង់ឆ្នាំង)៖ មន្ត្រីសង្ឃនៅស្រុករលាប្អៀរ ដឹកនាំដោយព្រះមេត្តិសត្ថា វង្ស កុសល ព្រះរាជាគណៈថ្នាក់កិត្តិយស ទីប្រឹក្សាសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស ជាព្រះអនុគណស្រុករលាប្អៀរ និងជាព្រះចៅអធិការវត្តព្រះវិហារហ្លួង បានដឹកនាំមន្រ្តីសង្ឃសាលាអនុគណស្រុករលាប្អៀរ នាំយកទេយ្យទាន ឧបត្ថម្ភជូនគណៈកម្មការសម្របសម្រួល និងគ្រប់គ្រងមណ្ឌលចត្តាឡីស័កឃុំទឹកហូត ស្រុករលាប្អៀរ ដើម្បីចាត់ចែងជូនដល់ក្រុមគ្រូពេទ្យ និងកងកំលាំងក្នុងការបំពេញ បេសកកម្ម ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។

ពិធីប្រគល់ទេយ្យទាននេះដែរបានធ្វើឡើងនៅសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ នៅមណ្ឌលចត្តាឡីស័កទឹកហូត ដោយមានការនិមន្តអមដំណើរដោយព្រះគ្រូ វ៉ៃ តុលា ព្រះលេខាអនុគណស្រុករលាប្អៀរ, ព្រះសិរីមង្គលមុនី ម៉ុច សៅលី ព្រះរាជាគណៈថ្នាក់កិត្តិយស ទីប្រឹក្សាផ្ទាល់សម្ដេចព្រះអគ្គមហាសង្ឃរាជ និងជាទីប្រឹក្សាផ្ទាល់សម្ដេច ព្រះសង្ឃនាយក ជាព្រះចៅអធិការវត្តសម្ដេចនន្ទង៉ែតសែនជ័យសត្ថារាម ហៅវត្តក្រឡាញ់ចាស់, ព្រះសាសនសោភ័ណ ហឿម សុវណ្ណារ៉ា ព្រះចៅអធិការវត្ត គិរីធម្មរាជ , ព្រះគ្រូវិសុទ្ធិវង្សាចារ្យ នាង ភារុណ ព្រះចៅអធិការវត្តបល្ល័ង្ក, ព្រះគ្រូសិរីធម្មវង្សា សេង ដា ព្រះចៅអធិការវត្តធម្មរតនសោភា-ទ្រា, ព្រះគ្រូសីលឧត្តមវង្សា សុត សុឡាង ព្រះចៅអធិការវត្តក្រាំងលាវ និងមានការចូលរួមពីលោក យ៉ង់ សៅវុឌ្ឍី អភិបាលស្រុករលាប្អៀរ រួមទាំងព្រះសង្ឃជាច្រើនអង្គទៀតផងដែរ។

ព្រះមេត្តិសត្ថា វង្ស កុសល បានមានសង្ឃដីការថា ដោយមើលឃើញពីការចូលរួមយ៉ាងសកម្មរបស់កងកម្លាំង និងក្រុមគ្រូពេទ្យ នៅមណ្ឌលចត្តាឡីស័កទឹកហូត ស្រុករលាប្អៀរ ក្នុងកិច្ចការទទួលខុសត្រូវបំពេញតួនាទី និងភារកិច្ចទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ មន្រ្តីសង្ឃសាលាអនុគណស្រុករលាប្អៀរក៏បានរៀបចំនូវ ទេយ្យទានមាន សម្ភារៈ និងថវិកាឧបត្ថម្ភដល់គណៈកម្មការសម្របសម្រួល និងគ្រប់គ្រងមណ្ឌលចត្តាឡីស័ក ទឹកហូត ស្រុករលាប្អៀរ ក្នុងការបំពេញបេសកកម្ម ប្រយុទ្ធប្រឆាំង ទប់ស្កាត់ធ្វើយ៉ាងណាកុំឲ្យមានការរីករាលដាលជំងឺកូវីដ១៩នៅក្នុងសហគមន៍ ។

លើកឡើងក្នុងឱកាសនោះដែរលោក យ៉ង់ សៅវុឌ្ឍី បានថ្លែងនូវអំណរព្រះគុណយ៉ាងជ្រាលជ្រៅ ដល់ព្រះមេត្តិសត្ថា វង្ស កុសល ព្រមទាំងមន្រ្តីសង្ឃសាលាអនុគណ ស្រុករលាប្អៀរទាំងអស់ ដែលបាននាំយកទេយ្យទានមានសម្ភារៈ និងថវិកាឧបត្ថម្ភដល់គណៈកម្មការសម្របសម្រួល និងគ្រប់គ្រងមណ្ឌលចត្តាឡីស័កឃុំទឹកហូត ស្រុករលាប្អៀរ នាពេលនេះដើម្បីផ្តល់ជូនក្រុមគ្រូពេទ្យ និងកងកម្លាំងដែលកំពុងបំពេញបេសកកម្មក្នុងមណ្ឌលចត្តាឡីស័ក ទឹកហូត ស្រុករលាប្អៀរនាពេលនេះ។

លោក យ៉ង់ សៅវុឌ្ឍី បានប្រគេនពរដល់ព្រះមេត្តិសត្ថា វង្ស កុសល និងមន្រ្តីសង្ឃស្រុករលាប្អៀរទាំងអស់ សូមមានព្រះសុខភាពល្អ ព្រះជន្មាយុយឺនយូរ ដើម្បីដឹកនាំ និងអភិវឌ្ឍន៍វិស័យព្រះពុទ្ធសាសនានៅស្រុករលាប្អៀរ ឱ្យកាន់តែទទួលបានសមិទ្ធផលថ្មីៗបន្ថែមទៀតផងដែរ។

សូមបញ្ជាក់ថា អំណោដែលមន្រ្តីសង្ឃស្រុករលាប្អៀរប្រគល់ជូនគណៈកម្មការសម្របសម្រួល និងគ្រប់គ្រងមណ្ឌលចត្តាឡីស័ក ឃុំទឹកហូតរួមមាន៖ អង្ករ ១តោន ភេសជ្ជៈ ៨កេស ទឹកសុទ្ធធម្មតា២០យួ វីតាល៩កេស មី១៧កេស ត្រីខ០៩យួរ ទឹកត្រី២យួរ ទឹកស៊ីវ៧យួរ និងបច្ច័យចំនួន ៦០០,០០០រៀល៕