(បន្ទាយមានជ័យ)៖ លោក អាត់ ខែម សមាជិកអចិន្រៃយ៍ គណ:កម្មាធិការ គណបក្សប្រជាជនកម្ពុជា​ខេត្តបន្ទាយមានជ័យ និងជាប្រធានក្រុម​ការងារចុះជួយស្រុកស្វាយចេក នៅថ្ងៃចុង​សប្តាហ៍​​​នេះ បាន ដឹកនាំក្រុមការងារមួយចំនួន ចុះទៅកាន់ឃុំតាផូ ស្រុកស្វាយចេក ដើម្បីបើកការដ្ឋានផ្លូវ​ថ្មីមួយខ្សែ នៅខាងក្រៅភូមិចាស់ ជូនដល់ប្រជាពលរដ្ឋ​ដែលត្រូវបំបែក​គ្រួសារមកតាំងលំនៅដ្ឋាន​ថ្មី។

លោក អាត់ ខែម បានលើកឡើងថា ក្រោយពីមានសំណូមពររបស់ប្រជាពលរដ្ឋ ក៏ដូចជាអាជ្ញាធរ​មូលដ្ឋាន ចំពោះការស្នើសុំផ្លូវមួយខ្សែ នៅខាងក្រៅភូមិនោះ សម្រាប់ប្រជាពលរដ្ឋ​ដែលត្រូវបំបែកគ្រួសារ លោកក៏បានរាយ​ការណ៍ជូន លោកឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានក្រុមការងារថ្នាក់ជាតិ ទើបលោកបានចាត់ចែងឲ្យក្រុមការងារ ចុះសិក្សាហើយឈាន​ទៅដល់ការបើក​ការដ្ឋាននៅពេល​នេះតែម្តង ។

លោក អាត់ ខែម បានបន្តទៀតថា នាពេលខាងមុខក្រុមការងាររបស់លោក​នឹងចាក់ក្រាលក្រួសក្រហម សម្រាប់ផ្លូវមួយខ្សែមួយនេះ កាន់តែងាយស្រួលលើ​ការធ្វើដំណើរ។ ប្រជាពលរដ្ឋនៅទីនោះ មានភាពសប្បាយរីករាយយ៉ាងខ្លាំង នៅពេលដែលពួកគាត់បានទទួលផ្លូវមួយខ្សែនេះ សម្រាប់ការធ្វើដំណើរទៅមក និងសម្រាប់ដឹកទំនិញកសិផលផ្សេងៗ។

លោក អាត់ ខែម បានផ្តាំផ្ញើការសួរសុខទុក្ខពីថ្នាក់ដឹកនាំ ចំពោះការគិតគូនៃការរស់នៅប្រចាំថ្ងៃរបស់បងប្អូន  ជាពិសេសលើការពង្រីកប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនានា។

ក្រោយបញ្ចប់សំណេះសំណាលលោក អាត់ ខែម ក៏បានចែកសារុង ដែលជាអំណោយរបស់លោកឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ជូនដល់ប្រជាពលរដ្ឋទាំងនោះផងដែរ៕