(ស្វាយរៀង)៖ លោកបណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង បានជំរុញដល់ក្រុមគ្រូពេទ្យព្យាបាលជំងឺកូវីដ-១៩ ក្នុងខេត្តត្រូវខិតខំយកចិត្តទុកដាក់ និងគោរពក្រមសីលធម៌វិជ្ជាជីវៈ ក្នុងការព្យាបាលអ្នកជំងឺឱ្យមានប្រសិទ្ធភាព និងតម្លាភាព គឺត្រូវធ្វើយ៉ាងណាព្យាបាលឱ្យឆាប់ជាសះស្បើយឡើងវិញ។

ការជំរុញបែបនេះ របស់លោកបណ្ឌិត កែរ រដ្ឋា បានធ្វើឡើងនៅក្នុងឱកាសលោកបានដឹកនាំក្រុមគ្រូពេទ្យរបស់មន្ទីរពេទ្យបង្អែកស្វាយទាប ចំនួន១៧នាក់ ចូលរួមផ្លាស់វេនក្រុមគ្រូពេទ្យព្យាបាលក្នុងមណ្ឌលព្យាបាលកូវីដ-១៩ ក្រុងបាវិត ដែលត្រូវបញ្ចប់ភារកិច្ច១៤ថ្ងៃ។

ការផ្លាស់ប្ដូរវេនក្រុមគ្រូពេទ្យព្យាបាលជំងឺកូវីដ-១៩ នេះបានធ្វើឡើងនារសៀលថ្ងៃទី១៨ ខែមេសាឆ្នាំ ២០២១ ដែលមានការចូលរួមពីលោកអភិបាលរងក្រុងបាវិត លោកវេជ្ជបណ្ឌិត ប្រាក់ សម្បត្តិ ប្រធានមន្ទីរពេទ្យបង្អែកជីភូ, លោកវេជ្ជបណ្ឌិត សរ សុខចំរើន ប្រធាន មន្ទីរពេទ្យបង្អែកស្វាយទាប និងលោកវេជ្ជបណ្ឌិត អុឹម បុត្រ ប្រធានផ្នែកចត្តាឡីស័កផងដែរ។

ក្នុងឱកាសនោះដែរ លោកបណ្ឌិត កែរ រដ្ឋា បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យព្យាបាលជំងឺកូវីដ-១៩ ទាំងអស់ នៅខេត្តស្វាយរៀងដែលបានខិតខំយកចិត្តក្នុងការព្យាបាលអ្នកជំងឺកូវីដ-១៩ ដោយមិនខ្លាចនឿយហត់ ដើម្បីបុព្វហេតុប្រទេសជាតិក្នុងគ្រាដ៏លំបាកនេះជាពិសេសក្នុងការលើកកម្ពស់សុខមាលភាពប្រជាពលរដ្ឋឱ្យបានល្អប្រសើរ។

លោកបណ្ឌិត កែរ រដ្ឋា បានលើកឡើងថា បច្ចុប្បន្ននេះ នៅក្នុងខេត្តស្វាយរៀង មានមន្ទីរពេទ្យព្យាបាលកូវីដ-១៩ ចំនួន២ និងមណ្ឌលព្យាបាលកូវីដ-១៩ ក្រុងបាវិត ចំនួន១។ មន្ទីរពេទ្យព្យាបាលកូវីដ-១៩ ចំនួន២នោះ លោកអភិបាលខេត្ត និងជាប្រធានគណៈកម្មការ កូវីដ-១៩ ខេត្តបានយកមន្ទីរពេទ្យបង្អែកស្វាយជ្រំ និងមន្ទីរពេទ្យបង្អែក សាមគ្គីរំំដួល ស្រុករំដួល ជាមន្ទីរពេទ្យសម្រាប់ព្យាបាលអ្នកជំងឺ កូវីដ-១៩។

លោកបានបន្តថា ដោយសារតែអ្នកជំងឺកូវីដ-១៩ មានការកើនឡើង លោកអភិបាលខេត្តបានយកអាគារមួយនៅក្រុងបាវិត ធ្វើជាមណ្ឌលព្យាបាលកូវីដ-១៩។ ចំពោះក្រុមគ្រូពេទ្យព្យាបាល នៅក្នុងមណ្ឌលព្យាបាលនេះ មន្ទីរសុខាភិបាលបានចល័តពីមន្ទីរពេទ្យផ្សេងៗក្នុងខេត្តមកជួយដោយប្តូរវេនវិលជុំ១៤ថ្ងៃម្តង។

ជាក់ស្ដែងថ្ងែនេះក្រុមគ្រូពេទ្យរបស់មន្ទីរពេទ្យបង្អែកស្វាយទាប ចូលក្រុមគ្រូពេទ្យរបស់មន្ទីរពេទ្យបង្អែកជីភូចេញ។ ប៉ុន្តែក្រុមគ្រូពេទ្យ របស់មន្ទីរពេទ្យបង្អែកជីភូ ត្រូវបន្តចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័ក១៤ថ្ងៃ បន្ថែមទៀត ទើបអនុញ្ញាតឱ្យទៅផ្ទះជួបជុំគ្រួសារ។ ចំពោះវេនបន្តបន្ទាប់ គឺក្រុមគ្រូពេទ្យរបស់មន្ទីរពេទ្យបង្អែករមាសហែក រួចដល់ក្រុមគ្រូពេទ្យរបស់មន្ទីរពេទ្យបង្អែកខេត្តស្វាយរៀងម្តង។

លោកបណ្ឌិត កែរ រដ្ឋា បានបញ្ជាក់ថា ការផ្ទុះជំងឺកូវីដ-១៩ ភាគច្រើននៅទីក្រុងបាវិត គឺដោយសារការមិនគោរពនូវវិធានការសុខាភិបាល។ រហូតដល់រសៀលថ្ងៃទី១៨ ខែមេសា មានអ្នកជំងឺកូវីដ-១៩ ចំនួនសរុប៣០៤នាក់ ស្រី១២៣នាក់ (ជនជាតិខ្មែរ ២៦៨នាក់, ជនជាតិបរទេស ៣៦នាក់) ចំនួនអ្នកជំងឺជាសះស្បើយសរុប៧៤នាក់ ស្រី៣៥នាក់ អ្នកជំងឺស្លាប់១នាក់ ភេទស្រី អាយុ ៧២ឆ្នាំ។

លោកបានបន្ថែមថា ប្រជាពលរដ្ឋមកពីក្រៅប្រទេស និងការពិនិត្យសុខភាព ចំនួន៤,១០៧នាក់ ស្រី១,១៦២នាក់ ហើយការទុកដាក់ពលករនៅដាច់ដោយឡែក នៅមណ្ឌលចត្តាឡីស័កកម្រិត១ និងកំរិត២ ទាំង៨ក្រុង/ស្រុក (សម្រាប់ពលករដាក់ចត្តាឡីស័ក) ១,២៣៧នាក់។

សរុបអ្នកបានធ្វើចត្តាឡីស័កមានចំនួន ៤,១៣១នាក់ ក្នុងនោះអ្នកបញ្ចប់ការធ្វើចត្តាឡីស័កសរុប ៤,១០២នាក់ និងអ្នកកំពុងធ្វើចត្តាឡីស័កមានចំនួន២៩នាក់។ លទ្ធផលពីការយកសំណាកវិភាគ ព្រឹត្តិការណ៌ «សហគមន៍ ២០កុម្ភៈ» យកសំណាកលើកទី១ ចំនួន ២,២៧៥នាក់ ស្រី៨៣២នាក់ និងយកសំណាកលើកទី២ សរុប១,៦៧៣នាក់ ស្រី ៦២៩នាក់។ យកសំណាកតាមដានអ្នកជំងឺ សម្រាកពេទ្យ បានចំនួន ១០២នាក់ ស្រី៣៧នាក់។

ជាមួយគ្នានេះ លោកបណ្ឌិតក៏បានឧបត្ថម្ភទឹកដោះឆៅ ២០ឡូ និងទឹកសុទ្ធ ២០កេស ជូនក្រុមគ្រូពេទ្យទាំង២ក្រុម និងឧបត្ថម្ភសមត្ថកិច្ចចំនួន៤នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ៥មុឺនរៀល ផងដែរ៕