(ភ្នំពេញ)៖ រយៈពេល៤ថ្ងៃ ពោលចាប់ពីថ្ងៃទី១៥-១៨ ខែមេសា ឆ្នាំ២០២១ រថយន្ដចល័តរបស់ក្រសួងពាណិជ្ជកម្ម លក់អង្ករបានសរុប ចំនួន២៣៤បាវ និងមីជាតិចំនួន១៤១៩កេស ជូនប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្របិទខ្ទប់នៃរាជធានីភ្នំពេញ និងក្រុងតាខ្មៅ។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១នេះ លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា រថយន្តចល័តរបស់ក្រុមហ៊ុន Green Trade របស់ក្រសួងពាណិជ្ជកម្ម នឹងបន្តសកម្មភាពរបស់ខ្លួន រហូតដល់ស្ថានការបានធូរស្រាល។

លោក ប៉ែន សុវិជាតិ បានបន្ថែមទៀតថា ក្រុមការងារក្រសួងពាណិជ្ជកម្ម បន្ដចល័តលក់នៅតំបន់ ដែលមានកម្មករស្នាក់នៅច្រើន ដែលមានតំរូវការ ហើយជួបការលំបាកក្នុងការឆ្លងកាត់ និងចេញ-ចូល។

លោក ប៉ែន សុវិជាតិ បានគូសបញ្ជាក់ថា យុទ្ធនាការនេះបានចូលរួមចំណែក ក្នុងការកាត់បន្ថយការឡើងថ្លៃទំនិញ និងជួយសំរួលការលំបាករបស់ពលរដ្ឋ ក្នុងកាលៈទេសៈនៃការបិទខ្ទប់នេះ។

សហព័ន្ធស្រូវអង្ករ រួមជាមួយក្រុមហ៊ុនGreen Trade ក្រសួងពាណិជ្ជកម្ម ក៏បានចូលរួមចែកចាយលក់អង្ករតាមទីតាំង នៅនឹងកន្លែង ដោយថ្លៃទាបជាងទីផ្សារផងដែរ។ ក្រៅពីនោះ ក៏មានក្រុមហ៊ុនមួយចំនួនទៀត ក៏ចូលរួមចែករំលែកដោយស្ម័គ្រចិត្តលក់អង្ករ ត្រីខកំប៉ុងក្នុងតម្លៃថោកផងដែរ។

លោក ប៉ែន សុវិជាតិ ក៏បានឲ្យដឹងផងដែរថា ក្រុមការងារក្រសួងពាណិជ្ជកម្ម បានចុះអង្កេតតាមដាន ស្ថិរភាពការផ្គត់ផ្គង់ និងទប់ស្កាត់ការឡើងថ្លៃទំនិញ តាមរយៈកិច្ចសហការជាមួយអាជ្ញាធរផ្សារ ដោយតាមដានជាប្រចាំ និងត្រៀមអន្តរាគមន៍ នៅពេលមានសភាពការណ៍ចាំបាច់។

សូមជម្រាបថា កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ ក្រសួងពាណិជ្ជកម្ម បានចាប់ផ្ដើមលក់ អង្ករ និងមី ចល័តក្នុងរាជធានីភ្នំពេញ ដែលមានតម្លៃទាបជាងទីផ្សារ ដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋ ដោយកំណត់ ក្នុងមួយគ្រួសារ ទិញបានអង្ករមួយបាវ និងមីមួយកេស៕