(ស្វាយរៀង)៖ ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ធ្វើឱ្យចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ នៅខេត្តស្វាយរៀង កើនដល់ ៣០៦នាក់ហើយ ក្នុងនោះមានអ្នកជាសះស្បើយ៧៤នាក់, ស្លាប់ម្នាក់ និងកំពុងព្យាបាល ២២៨នាក់ និងយកសំណាកសរុប ២,២២៩នាក់ និងទីបិទខ្ទប់មាន៦៦ទីតាំង រួមទាំងផ្ទះប្រជាជន និងរួមទាំងទីតាំងផ្សេងៗទៀត។

ជាមួយគ្នានេះ អាជ្ញាធរខេត្តអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវចេះការពារខ្លួន ដោយត្រូវគោរពតាមវិធានការការពារ របស់ក្រសួងសុខាភិបាល ដូចជាអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន «៣កុំ និង៣ការពារ» និងបើមិនចាំបាច់កុំចេញក្រៅផ្ទះ។

ថ្លែងប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេត្តស្វាយរៀង លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង បានឱ្យដឹងថា «គិតត្រឹមថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១នេះ មានអ្នកឆ្លងកូវីដ-១៩ នៅក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ កើនដល់ ៣០៦នាក់ហើយ ក្នុងនោះមានអ្នកជាសះស្បើយ៧៤នាក់ ស្លាប់ម្នាក់ និងកំពុងព្យាបាល ២២៨នាក់ និងយកសំណាកសរុប ២,២២៩នាក់ និងទីបិទខ្ទប់មាន ៦៦ទីតាំង រួមទាំងផ្ទះប្រជាជន និងរួមទាំងទីតាំងផ្សេងៗទៀត។ ចំពោះមន្ទីរពេទ្យដែលកំពុងព្យាបាលអ្នកជំងឺកូវីដ-១៩ មានមន្ទីរពេទ្យបង្អែកស្វាយជ្រំ មន្ទីពេទ្យសាមគ្គីរំដួល ស្រុករំដួល និងនៅមន្ទីរពេទ្យកាស៉ីណូម៉ុកបាយ ក្រុងបាវិត»

លោក តូច ប៉ូលីវ៉ា បានបន្តថា ក្រោមការយកចិត្តទុកដាក់ របស់គណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ខេត្ត ដែលមានលោកអភិបាលខេត្ត ជាប្រធានរដ្ឋបាលខេត្តស្វាយរៀង សង្ឃឹមថាស្ថានភាពជំងឺកូវីដ-១៩ នៅក្នុងខេត្តនឹងមានភាពធូរស្រាល នៅពេលឆាប់ៗខាងមុខនេះ។

ទន្ទឹមនេះ លោកសូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមបង្កើននូវការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ជាពិសេសត្រូវប្រកាន់ភ្ជាប់នូវវិធានការរបស់ប្រមុខរាជរដ្ឋាភិបាល «៣កុំ និង៣ការពារ» និងសេចក្តីសម្រេច ឬសេចក្តីណែនាំនានាដែលចេញដោយរដ្ឋបាលខេត្ត ហើយបើគ្មានការចាំបាច់សូមនៅតែក្នុងផ្ទះ ត្រូវរួមគ្នាកាត់ផ្តាច់ឬសគល់នៃជំងឺកូវីដ-១៩នេះ ដោយផ្តើមចេញពីការចូលរួមសហការ ពីប្រជាពលរដ្ឋគ្រប់ៗគ្នាផងដែរ៕