(ភ្នំពេញ)៖ លោកស្រី យក់ សម្បត្ដិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១នេះថា អ្នកឧកញ៉ា ហុង ពីវ និងអ្នកឧកញ៉ា លី យ៉ុងផាត់ បានប្រគល់អគាររៀបមង្គលការ ដែលស្ថិតនៅ ដឺ ព្រេមៀ សេនធ័រ សែនសុខ និងអគារវិមានពិភពថ្មី សែនសុខ ជូន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី ដើម្បីចាត់ចែងសម្រាប់ដាក់អ្នកជំងឺកូវីដ១៩។

លោកស្រី យក់ សម្បត្ដិ ថ្លែងបន្ដថា «អគារ ដឺ ព្រេមៀ សេនធ័រ សែនសុខ អាចដាក់ព្យាបាលអ្នកជំងឺកូវីដ១៩ បានចំនួន ពី ១០០០-១៥០០គ្រែ សម្រាប់អគារវិមានពិភពថ្មី សែនសុខ អាចបានចំនួនជាង៨០០គ្រែ»

លោកស្រីរដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងបញ្ជាក់ថា នៅព្រឹកមិញនេះ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានដឹកនាំក្រុមការងារយើង ដើម្បីចុះពិនិត្យទីតាំងសម្រាប់ត្រៀមរៀបចំ ជាមណ្ឌលព្យាបាលអ្នកជំងឺកូវីដ១៩ កម្រិតស្រាល (កម្រិត១) នៅអគារវិមានពិភពថ្មី សែនសុខ រួចរាល់ហើយ។ នៅពេលរសៀលនេះ នឹងបន្ដចុះពិនិត្យរៀបចំនៅអគារ ដឺ ព្រេមៀ សេនធ័រ សែនសុខ។

លើសពីនោះ លោកស្រី យក់ សម្បត្ដិ បានថ្លែងទៀតថា គិតមកត្រឹមថ្ងៃនេះ មណ្ឌលព្យាបាលជំងឺកូវីដ១៩ កម្រិតស្រាល មានចំនួន ៧ទីតាំងហើយ គឺមាននៅ៖ វិទ្យាល័យជាស៊ីម សាមគ្គី ដាក់ព្យាបាលអ្នកជំងឺ ចំនួន ២៦០គ្រែ , អគារម៉ូឌែន ដាក់អ្នកជំងឺជាង ២៣០គ្រែ, អគារនៅពោធិ៍ចិនតុង ១៦០គ្រែ, អគារការកោះពេជ្រ ដែលជាអំណោយរបស់ អ្នកឧកញ៉ា ពុង ឃាងសែ ជាង២,៧០០គ្រែ, វិទ្យាល័យជម្ពូវ័ន្ដ ជិត៧០គ្រែ, អគារវិមានពិភពថ្មី សែនសុខ របស់អ្នកឧកញ៉ា ហុង ពីវ ចំនួនជាង៨០០គ្រែ និងនៅអគារ ដឺ ព្រេមៀ សេនធ័រ សែនសុខ ចំនួន ពី ១០០០-១៥០០គ្រែ៕