(កំពង់ចាម)៖ រដ្ឋបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការករឃើញវិជ្ជមានជំងឺកូវីដ១៩ លើស្ដ្រីម្នាក់ឈ្មោះ ឡេង ចាន់ថេង អាយុ៤៥ឆ្នាំ ជាអាជីវករផ្សារចាស់ មានស្រុកកំណើតនៅភូមិទី៥ ឃុំព្រែកតានង់ ស្រុកកោះសូទិន និងអាសយដ្ឋានបច្ចុប្បន្នផ្ទះនៅផ្លូវលេខ១៣០ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ។

ក្នុងសេចក្ដីជូនដំណឹងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានរដ្ឋបាលខេត្ដកំពង់ចាម បានបញ្ជាក់ថា បន្ទាប់ពីទទួលបានលទ្ធផលវិជ្ជមានភ្លាម រដ្ឋបាលខេត្ត បានចាត់ឲ្យមន្ទីរសុខាភិបាលខេត្ត បានបញ្ជូនអ្នកជំងឺនេះមកសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្ត និងបន្ដស្រាវជ្រាវរកអ្នកដែលប៉ះពាល់ដោយផ្ទាល់ និងប្រយោលនឹងករណីនេះបន្ថែម។

បើតាមរដ្ឋបាលខេត្តកំពង់ចាម អ្នកប៉ះពាល់ផ្ទាល់ជាមួយស្ដ្រីឈ្មោះ ឡេង ចាន់ថេង មានចំនួន៤នាក់ និងបានបញ្ជូនទៅមណ្ឌលចត្តាឡីស័កខេត្ត រួមមាន៖ ទី១៖ ឈ្មោះ សុខ ចាន់ អាយុ៤៣ឆ្នាំ (ប្ដី), ទី២៖ ឈ្មោះ ចាន់ មេត្ដា អាយុ៥ឆ្នាំ (កូន), ទី៣៖ ឈ្មោះ ចាន់ រស្មី អាយុ១៨ឆ្នាំ (កូន) និងទី៤៖ ឈ្មោះ ឡេង ស្រី អាយុ៥១ឆ្នាំ (បងស្រី)។ ខណៈអ្នកប៉ះពាល់ប្រយោលកំពុងស្រាវជ្រាវបន្ដទៀត៕