(ភ្នំពេញ)៖ យោងតាម Facebook របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា សរសេរនៅព្រឹកថ្ងៃអាទិត្យនេះថា សម្តេចជាអ្នកចូលចិត្តលេងអុក, ដោយរវល់ខានលេងប្រមាណជាងមួយឆ្នាំ នៅល្ងាចថ្ងៃសុក្រ បន្ទាប់ពីប្រជុំគណៈរដ្ឋមន្រ្តី​ បំពេញការងារដែលនៅសល់ ឆ្លៀតលេងអុកជាមួយដៃគូរបស់សម្តេច។ សម្តេចបានសរសេរបញ្ជាក់ថា លេងអុកមានប្រយោជន៍ជាងលេងល្បែងស៊ីសង ទៅស៊ីផឹកស្រីញីក្រៅផ្ទះ ហើយបែកប្រាជ្ញា និងជួយអភិរក្សល្បែងអុកខ្មែរផងដែរ, ប៉ុន្តែកុំលេងលើសពី ២ម៉ោង ដែលនាំឱ្យមានបញ្ហាសុខភាព។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា​ នៅព្រឹកថ្ងៃអាទិត្យនេះសម្តេចអញ្ជើញទៅវាយកូនគោល។ សម្តេចបានសរសេររៀបរាប់នៅលើ Facebook យ៉ាងដូច្នេះថា «ខ្ញុំខានលេងអុកប្រមាណជាងមួយឆ្នាំហើយ ដោយអត់ពេល។ ល្ងាចថ្ងៃសុក្របន្ទាប់ពីប្រជុំគណៈរដ្ឋមន្ត្រីពេលព្រឹក ពេលល្ងាច ខ្ញុំខិតខំសំរេចកិច្ចការដែលនៅសេសសល់ រាប់ទាំងឯកសារទៅសម្ពោធភូមិកុមារSOS នៅខេត្ត កំពតផង។ ខ្ញុំឆ្លៀតពេលហៅដៃគូកំហូចរបស់ខ្ញុំមកលេងអុក។ និកស្មានថាដៃគូខ្ញុំទៅរៀនសូត្របានល្បិចថ្មីៗមកសម្លាប់ខ្ញុំ មិននឹកស្មានថា ដៃគូខ្ញុំខូចលើសដើមចេះលួច ចេះដណ្តើមយកកូនពេលខ្ញុំស៊ី ចេះរាប់បន្លំពេលខ្ញុំដេញដើម្បីយកស្មើ។ល។

ថ្ងៃនេះវាយកូនគោលជាមួយមនុស្សខូចនេះទៀត បង្ហោះFacebook កុំឱ្យគាត់ឃើញ។ ប្រសិនបងប្អូនលេងអុកវាមានប្រយោជនន៌ ជាងទៅលេងល្បែងស៊ីសង ទៅស៊ីផឹកស្រីញីក្រៅផ្ទះ ហើយវាបែកប្រាជ្ញានិងជួយអភិរក្សល្បែងអុកខ្មែរផងដែរ តែកុំលេងលើសពី ២ម៉ោង ដែលនាំឱ្យមានបញ្ហាសុខភាពទៅវិញនិងប្រយ័ត្នប្រពន្ធស្លត្រីអុកឱ្យទទួលទាន។ ខ្ញុំចេះលេងអុកតាំងពីអាយុ១៤ឆ្នាំ ពេលនៅវត្តជាមួយព្រះសង្ឃគឺរយៈពេល៥០ឆ្នាំមកហើយ តែមិនក្លាយទៅជាអ្នកពូកែខាងល្បែងអុកបានដែរ។ សុំមើលរូបភាពដែលខ្ញុំសម្លាប់ដៃគូខ្ញុំពេលលេងពីល្ងាចថ្ងៃសុក្រ»៕