(ភ្នំពេញ)៖ គណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានឃាត់ម៉ូតូ៦គ្រឿង និងរថយន្តធុនធំ២គ្រឿង ដែលល្មើសនឹងវិធានការបិទខ្ទប់។

ការឃាត់យានយន្តខាងលើ ធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល និងតាមការណែនាំរបស់អភិបាលរាជធានីភ្នំពេញ ដែលបានដាក់ចេញឲ្យអភិបាលខណ្ឌទាំង១៤ នៅរាជធានីភ្នំពេញត្រូវអនុវត្តម៉ឺងម៉ាត់បំផុតក្នុងការបិទខ្ទប់ មិនឲ្យអ្នកដំណើរចេញចូលរាជធានីភ្នំពេញ និងក្រុងតាខ្មៅ។

សម្រាប់រដ្ឋបាលខណ្ឌច្បារអំពៅបានដាក់គោលដៅត្រួតពិនិត្យរឹតបន្តឹង ការធ្វើចរាចរចេញចូលរាជធានីភ្នំពេញ និងក្រុងតាខ្មៅគ្រប់ផ្លូវទាំងអស់។

នៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ លោក ចេង មុនីរ៉ា អភិបាលខណ្ឌ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌច្បារអំពៅ បានដឹកនាំកម្លាំងចុះត្រួតពិនិត្យនៅគោលដៅគល់ស្ពានព្រះមុនីវង្ស ចាស់ត្រើយខាងកើត ព្រមទាំងត្រួតពិនិត្យ មើលលិខិតស្នាមដែលមានលក្ខណៈត្រឹមត្រូវទៅតាមគោលការណ៍ដែល បានកំណត់ទើបអនុញ្ញាតឲ្យចូលរាជធានីភ្នំពេញ។

ជាមួយគ្នានេះដែរ គណៈបញ្ជាការឯកភាពខណ្ឌ បានឃាត់ម៉ូតូចំនួន ៦គ្រឿង និងរថយន្តធន់ធំចំនួន២គ្រឿង យកមករក្សាទុកបណ្តោះអាសន្ន៕