(ភ្នំពេញ)៖ ដើម្បីចូលរួមអនុវត្តនូវវិធានការរបស់រាជរដ្ឋាភិបាលក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាលវីរុសកូវីដ-១៩ ពិសេសអំឡុងពេលនៃការអនុវត្តបំរាមគោចរ ឆ្លងកាត់ពីតំបន់មួយទៅតំបន់មួយ ដែលមានចែងក្នុងសេចក្តីសម្រេចលេខ៤៩ សសរ ចុះថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ ឱ្យមានប្រសិទ្ធភាពខ្ពស់ ក្រសួងសាធារណាការ និងដឹកជញ្ជូន បានចេញសេចក្តីណែនាំ៣ ដើម្បីឱ្យមន្ត្រីក្រោមឱវាទក្រសួងចូលរួមអនុវត្តន៍ឱ្យមានប្រសិទ្ធភាព។

នៅក្នុងសេចក្តីណែនាំរបស់ក្រសួងសាធារណាការ និងដឹកជញ្ជូន ដែល Fresh News ទទួលបាននៅរសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១នេះ បានឱ្យដឹទៀតថា នៅក្នុង សេចក្តីណែនាំទាំង៣ចំណុចនេះរួមមាន៖

* ទី១៖ គ្រប់សមាជិកនៃអង្គភាពគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធទាំងអស់ (PMU-PIU) នៃក្រសួងសាធារណការនិងដឹកជញ្ជូន ព្រមទាំងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស សាងសង់ និងក្រុមហ៊ុនទទួលការសាងសង់ទាំងអស់ត្រូវបំពេញការងាររបស់ខ្លួននៅតាមតំបន់ការដ្ឋាននីមួយៗ ដែលកំពុងប្រចាំការនិងមិនត្រូវធ្វើការចល័ត ឬគោចរ ទៅតាមតំបន់គោលដៅផ្សេងៗទេ ក្នុងអំឡុងពេលនៃការអនុវត្តវិធានការបំរាមគោចរខាងលើ។

* ទី២៖ ត្រូវផ្អាកការចុះបំពេញបេសកកម្មជាបណ្តោះអាសន្នរបស់បុគ្គលិក-មន្ត្រីរាជការពីថ្នាក់ជាតិ ទៅថ្នាក់ខេត្តដោយ តម្រូវឱ្យ បុគ្គលិក-មន្ត្រីរាជការគម្រោង សាងសង់ ទាំងអស់ ដែលប្រចាំការនៅតាមបណ្តាខេត្តផ្សេងៗត្រូវបន្តបំពេញការងាររបស់ខ្លួននៅតាមការដ្ឋានរៀងៗខ្លួន និងត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការបំរាមគោចរ របស់រាជរដ្ឋាភិបាល និងវិធានការបំរាមគោចរបស់អាជ្ញាធរខេត្តដែលខ្លួនកំពុងស្ថិតនៅ។

* ទី៣៖ ករណីចាំបាច់ក្នុងការចុះបំពេញបេសកកម្មដោយអាក់ខានមិនបានក្នុងអំឡុងពេលនៃការអនុវត្តវិធានការបំរាមគោចរ ការចេញលិខិតបញ្ជាបេសកកម្ម ដើម្បីចុះទៅ បំពេញការងារចាំបាច់នោះនឹងត្រូវកំណត់សិទ្ធិចុះហត្ថលេខាដោយលោកទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូនផ្ទាល់ ឬសិទ្ធិចុះហត្ថលេខាដោយ លោក ស៊ុយ សាន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូនតែប៉ុណ្ណោះ៕

ខាងក្រោមនេះជាសេចក្តីណែនាំរបស់ក្រសួងសាធារណាការ និងដឹកជញ្ជូន៖