(បន្ទាយមានជ័យ)៖ កម្លាំងនគរបាលការពារព្រំដែនគោកបឹងសាគូ នៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៩១១ សហការជាមួយកម្លាំងយោធាកងពល៥១ និងកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត បានទប់ស្កាត់ប្រជាពលរដ្ឋខ្មែរចំនួន០៦នាក់ កុមារី០២នាក់ រត់រួច០២នាក់ (ជាអ្នកនាំផ្លូវ) បម្រុងលួចឆ្លងដែនដោយខុសច្បាប់ ដោយគេចវេសពីសមត្ថកិច្ចពីកម្ពុជា ចូលទៅប្រទេសថៃ នៅចំណុចស្តារវីឡា ភូមិព្រៃព្រិច សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីវេលាម៉ោង០១៖៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១នេះ។

ប្រតិបត្តិការនេះ ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកវរៈសេនីយ៍ឯក សូរ ចាន់ណារី មេបញ្ជាការវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៩១១ កម្លាំងប៉ុស្តិ៍បឹងសាគូ ចំនួន០៦នាក់ ដឹកនាំដោយលោកវរៈសេនីយ៍ ត្រី រស់ ពិសិដ្ឋ នាយប៉ុស្តិ៍ និងលោកអនុសេនីយ៍ទោ ប៉ុក ដា នាយរងប៉ុស្តិ៍នគរបាលការពារព្រំដែនគោកបឹងសាគូ នៃវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៩១១។

ប្រជាពលរដ្ឋបលួចចូលទៅប្រទេសថៃខុសច្បាប់ចំនួន ០៤នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួនបានមានឈ្មោះដូចខាងក្រោម៖

*ទី១៖ ឈ្មោះ ជាវ ការ៉ាន់ ភេទប្រុស អាយុ៣៥ឆ្នាំ (លក់ដូរនៅផ្សាររុងក្លឿ) មានទីលំនៅភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

*ទី២៖ ឈ្មោះ ឈិត ពន្លឺ ភេទប្រុស អាយុ៣២ឆ្នាំ (លក់ដូរនៅផ្សាររុងក្លឿ) មានទីលំនៅភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

*ទី៣៖ ឈ្មោះ អេង មិនា ភេទស្រី អាយុ១៤ឆ្នាំ (សិស្ស), មានទីលំនៅភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

និងទី៤៖ ឈ្មោះ អេង ចាន់ណា ភេទស្រី អាយុ៦ឆ្នាំ (សិស្ស) មានទីលំនៅភូមិក្បាលស្ពាន១ មានទីលំនៅសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

អ្នកនាំផ្លូវ០២នាក់ (ប្រុស) មិនស្គាល់អត្តសញ្ញាណមានលេខទូរស័ព្ទ៖ ០៩០ ៦៨ ៩៩ ៦០ រត់គេចខ្លួនបាត់។ ចំណែកអ្នកទាំង ៤នាក់ ត្រូវបានកម្លាំងចម្រុះបញ្ជូនយកទៅដាក់នៅមណ្ឌលចត្តាឡីស័កវិទ្យាល័យនិមិត្ត ស្ថិតនៅក្នុងសង្កាត់និមិត្តក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ រួចហើយ។

ក្នុងឱកាសនោះដែរ លោកវរៈសេនីយ៍ ត្រី រស់ ពិសិដ្ឋ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងត្រូវអនុវត្តតាមវិធានការ «៣កុំ និង៣ការពារ» របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា៕