(កំពង់ចាម)៖ ស្របតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាផងនោះ, លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ អមដោយអភិបាលរងខេត្ត នាយក នាយករងរដ្ឋបាល និងមន្ត្រីពាក់ព័ន្ធ នៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១នេះ បានចុះពិនិត្យមើលមណ្ឌលចត្តាឡីស័កកម្រិត២ របស់រដ្ឋបាលខេត្ត នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគកំពង់ចាម ដើម្បីសាកសួរសុខទុក្ខ ក៏ដូចជាការពិនិត្យមើលអំពីការស្នាក់នៅ ការហូបចុករបស់អ្នកដែលកំពុងធ្វើចត្តាឡីស័ក។

ជាមួយគ្នានោះ លោក អ៊ុន ចាន់ដា ក៏បានស្នើដល់ពលករចំណូលស្រុក ក៏ដូចជាប្រជាពលរដ្ឋពាក់ព័ន្ធនឹងព្រឹត្តិការណ៍ «សហគមន៍ ២០ កុម្ភៈ» ឱ្យចូលរួមសហការជាមួយអាជ្ញាធរ ក្រុមគ្រូពេទ្យ ដើម្បីបង្កើនលទ្ធភាពបង្ការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលជំងឺដ៏កាចសាហាវមួយនេះ បាននឹងកំពុងឆ្លងរាលដាលក្នុងសហគមន៍។

ឆ្លៀតក្នុងឱកាសនោះដែរ ក្នុងនាមអាជ្ញាធរខេត្ត លោក អ៊ុន ចាន់ដា ក៏បានក្រើនរំលឹកដល់មន្រ្ដីប្រចាំការ ត្រូវរក្សាបរិស្ថានស្អាត និងមានអនាម័យល្អជាប្រចាំ ជាពិសេសត្រូវយកចិត្តទុកដាក់តាមដានឱ្យបានហ្មត់ចត់ អំពីតម្រូវការចាំបាច់របស់អ្នកធ្វើចត្តាឡីស័ក ដើម្បីដោះស្រាយនូវបញ្ហាប្រឈម ចំពោះមុខជូនពួកគាត់ឱ្យបានទាន់ពេលវេលា ហើយប្រសិនបើ ក្នុងករណីមិនអាចដោះស្រាយបានក្រុមប្រចាំការត្រូវរាយការណ៍ និងសុំយោបល់ថ្នាក់ដឹកនាំរដ្ឋបាលខេត្តឱ្យបានលឿនបំផុតផងដែរ។

សូមបញ្ជាក់ថា គិតមកដល់ព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១នេះ អ្នកដែលកំពុងធ្វើចត្តាឡីស័កនៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគកំពង់ចាម មានប្រមាណ២៦០នាក់៕