(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីជូនដំណឹងថ្មីមួយ សម្រេចពន្យារពេលនៃការដាក់លិខិតប្រកាស និងបង់ប្រាក់ពន្ធប្រចាំខែមីនា ដល់អ្នកជាប់ពន្ធក្នុងភូមិសាស្ត្របិទខ្ទប់ នៃរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល។

សេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៧ ខែមេសានេះ បានបញ្ជាក់ថា

ដើម្បីជាការសម្រួលដល់ ដំណើរការនៃការដាក់លិខិតប្រកាស និងបង់ប្រាក់ពន្ធប្រចាំខែ សម្រាប់អ្នកជាប់ពន្ធ ដែលស្ថិតនៅក្នុងប្រភេទអាជីវកម្ម ត្រូវបានអនុញ្ញាតឲ្យបន្តសកម្មភាព ក្នុងអំឡុងពេលនៃការអនុវត្តវិធានការបិទខ្ទប់ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងអ្នកជាប់ពន្ធ ដែលមិនស្ថិតក្នុងភូមិសាស្រ្តដែលត្រូវបានបិទខ្ទប់ កាលបរិច្ឆេទផុតកំណត់ឱ្យដាក់លិខិតប្រកាស និងបង់ប្រាក់ពន្ធប្រចាំខែមីនា ដែលត្រូវធ្វើនៅក្នុងខែមេសានេះនឹងត្រូវបានអនុញ្ញាតឱ្យពន្យាររហូតដល់ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១។

អគ្គនាយដ្ឋានពន្ធដារបន្ថែមថា ដោយឡែកសម្រាប់អ្នកជាប់ពន្ធដែលស្ថិតក្នុងប្រភេទអាជីវកម្ម ដែលត្រូវបានហាមឃាត់ក្នុងភូមិសាស្ត្រ ដែលត្រូវបានបិទខ្ទប់កាលបរិច្ឆេទផុតកំណត់ឱ្យដាក់លិខិតប្រកាស និងបង់ប្រាក់ពន្ធប្រចាំខែមីនា ដែលត្រូវធ្វើនៅក្នុងខែមេសានេះ នឹងត្រូវបានអនុញ្ញាតឱ្យពន្យាររហូតដល់ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១។

បន្ថែមពីនេះ ក្នុងគោលដៅគាំទ្រដល់ការប្រើប្រាស់ និងផ្តល់ភាពងាយស្រួលជូនអ្នកជាប់ពន្ធ អគ្គនាយកដ្ឋានពន្ធដារ បានរៀបចំរួចរាល់នូវក្រុមការងារសេវាគាំទ្រ (eTax Service) ដើម្បីដោះស្រាយបញ្ហានានា ក្នុងការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងការដាក់លិខិតប្រកាសតាមអនឡាញ និងមជ្ឈមណ្ឌល Call Center 127 ដើម្បីដោះស្រាយ ឬឆ្លើយតបនឹងចម្ងល់ និងបញ្ហានានារបស់អ្នកជាប់ពន្ធ។

ដោយឡែកក្នុងរយៈពេលនៃការបិទខ្ទប់ អគ្គនាយកដ្ឋានពន្ធដារ សូមជំរុញ និងលើកទឹកចិត្តឱ្យភ្នាក់ងារសេវាកម្មពន្ធដារ ដែលជួបប្រទះបញ្ហាប្រឈម ក្នុងការទទួល និងបញ្ជូនឯកសារពីអ្នកជាប់ពន្ធ ជាអតិថិជនដើម្បីរៀបចំប្រកាស និងបង់ប្រាក់ពន្ធប្រចាំខែ គួរប្រើប្រាស់សារអេឡិចត្រូនិក (E-mail) ឬមធ្យោបាយអេឡិចត្រូនិកនានា ដើម្បីបញ្ជូន និងទទួលឯកសារជាទម្រង់ Soft Copy និងរៀបចំប្រកាស និងបង់ប្រាក់ពន្ធ៕