(ព្រះវិហារ)៖ លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារ រួមជាមួយថ្នាក់ដឹកនាំនិងមន្ត្រីជាច្រើនរូបទៀត នៅថ្ងៃទី១៥ខែមេសាឆ្នាំ២០២១ ដែលជាថ្ងៃចូលឆ្នាំថ្ងៃទី២ បាននាំអំណោយទៅផ្តល់ជូនជាការលើកទឹកចិត្តដល់ក្រុមការងារ ថែទាំ ជួសជុលផ្លូវថ្នល់ ដែលកំពុងបំពេញការងារ​នៅលើកំណាត់ផ្លូវជាតិលេខ៩ ក្នុងស្រុកត្បែងមានជ័យនិងផ្លូវជាតិលេខ៩២ នៅឃុំកំពង់ស្រឡៅមួយ និងឃុំកំពង់ស្រឡៅពីរ ស្រុកឆែប ជាប់ព្រំដែនឡាវ។

នៅក្នុងឱកាសនោះដែរ លោក សំ លាងទ្រី បានថ្លែងជម្រាបជូនក្រុមការងារជួសជុលថែទាំផ្លូវថ្នល់ទាំងអស់ពីសភាពការណ៍ថ្មី ដែលកំពុងកើតមាននៅក្នុង​ប្រទេសកម្ពុជា​របស់យើង។ ពិសេសជម្រាបជូនពីវិធានការរបស់រាជរដ្ឋាភិបាលក៏ដូចជាវិធានការរបស់រដ្ឋបាលខេត្តព្រះវិហារ ក្នុងការចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ.១៩ ដែលកំពុងឆ្លងចូលក្នុងសហគមន៍របស់យើងគួរអោយព្រួយបារម្ភ។

ជាមួយគ្នានេះដែរ លោកប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារ ក៏បានថ្លែងណែនាំដល់ក្រុមការងារដែលកំពុងជួសជុល ថែទាំផ្លូវថ្នល់នៅតាមគោលដៅ​នានាក្នុងខេត្ត ត្រូវយកចិត្តទុកដាក់ គោរពអនុវត្តន៍តាមបទបញ្ជាណែនាំរបស់រាជរដ្ឋាភិបាលក៏ដូចជាបទបញ្ជារបស់រដ្ឋបាលខេត្តព្រះវិហារ អោយបានជាដាច់ខាត។ ពិសេស​មិនត្រូវមានការជួបជុំផឹកសុី មិនត្រូវដើរហើរល្មើសនឹងបម្រាមរបស់អជ្ញាធរនិងសមត្ថកិច្ចតាមមូលដ្ឋាននោះទេ។

លោក សំលាងទ្រី ក៏បានថ្លែងនូវការកោតសរសើរ ដល់ក្រុមការងារថែទាំ ជួសជុលផ្លូវថ្នល់ទាំងអស់របស់មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារ ដែលកន្លង​មកក៏​ដូចជាបច្ចុប្បន្ននេះ បានយកអស់នូវកម្លាំងកាយចិត្ត ប្រកបដោយឆន្ទះ ស្មារតីទទួលខុសត្រូវខ្ពស់ ធ្វើការជួសជុលថែទាំ ផ្លូវថ្នល់នានាក្នុងខេត្ត បានយ៉ាងល្អប្រសើរ មិនថារដូវប្រាំងឫរដូវវស្សានិងរដូវបុណ្យទាននោះទេ។ លោកប្រធានបានចាត់ទុកក្រុមការងារថែទាំជួសជុលផ្លូវថ្នល់ របស់មន្ទីរ​ទាំងអស់គឺជាកងទ័ព​ស្រួចជួរមុខទៀតផង ហើយលោកក៏បានណែនាំដល់បងប្អូនយើងទាំងអស់ត្រូវបន្តអនុវត្ត អោយបានទៀងទាត់តាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការណែនាំរបស់រាជរដ្ឋាភិបាល «៣កុំនិង៣ការពារ» ដើម្បីការពារខ្លួនយើង ក្រុមគ្រួសារនិងសហគមន៍របស់យើង កុំអោយឆ្លងជំងឺកូវីដ-១៩។

នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៤ គ.ស ២០២១នេះ លោក សំ លាងទ្រី បានបួងសួងដល់ទេវតាឆ្នាំថ្មី ជួយប្រោះព្រំ ប្រសិទ្ធិពរជ័យ សរីមង្គល វិបុលសុខ មហាប្រសើរ ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត សូមមានសុខភាពល្អ កម្លាំងខ្លាំងក្លា ដើម្បីរួមគ្នាអនុវត្តន៍តួនាទី ភារកិច្ច អោយទទួលបានជោគជ័យថ្មីៗថែមទៀត ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោហ៊ុន សែន ជានាយករដ្ឋមន្ត្រី ក្រសួងសាធារណការនិងដឹកជញ្ជូនដែលមានលោកទេសរដ្ឋមន្ត្រី ស៊ុន ចាល់ថុល ជារដ្ឋមន្ត្រីនិងរដ្ឋបាលខេត្តព្រះវិហារ ដែលមានលោកប្រាក់ សុវណ្ណ ជាអភិបាលខេត្ត៕