(ភ្នំពេញ)៖ រយៈពេល២ថ្ងៃ ពោលចាប់ពីថ្ងៃទី១៥-១៦ ខែមេសា ឆ្នាំ២០២១ រថយន្ដចល័តរបស់ក្រសួងពាណិជ្ជកម្ម លក់អង្ករបានសរុប ចំនួន១១៧បាវ និងមីជាតិចំនួន១០១៣កេស ស្របពេលរាជរដ្ឋាភិបាល ដាក់ចេញវិធានការបិទខ្ទប់ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១នេះ លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ការលក់ចល័តនេះ នៅបន្តរហូតដល់ស្ថានការណ៍ ត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ នៃស្ថានភាពកូវីដ-១៩។

ចំពោះតម្លៃដែលក្រសួងពាណិជ្ជកម្មលក់ចេញ មានតម្លៃទាបជាងទីផ្សារ ហើយការលក់ជូនមានកំណត់ សម្រាប់មួយគ្រួសារទិញបាន អង្ករមួយបាវ និងមីមួយកេស ដោយដាក់ចេញលក់ទៅតំបន់ ដែលមានកម្មករច្រើន ដូចជា ផ្លូវវេងស្រេង ស្ទឹងមានជ័យ ជាដើម -ល-។

សូមជម្រាបថា ក្រសួងពាណិជ្ជកម្ម បានចាប់ផ្ដើមលក់ អង្ករ និងមី ចល័តក្នុងរាជធានីភ្នំពេញ ដែលមានតម្លៃទាបជាងទីផ្សារ ដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋ ដោយកំណត់ ក្នុងមួយគ្រួសារ ទិញបានអង្ករមួយបាវ និងមីមួយកេស។

ក្រុមហ៊ុនហ្រ្គីនត្រេដ នៃក្រសួងពាណិជ្ជកម្ម និងសហព័ន្ធស្រូវអង្ករកម្ពុជា ក៏អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ កុំព្រួយបារម្ភលើបញ្ហាខ្វះអង្ករ ខណៈដែលរាជរដ្ឋាភិបាល ដាក់ចេញវិធានការបិទខ្ទប់ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល៕