(ព្រះសីហនុ)៖ លោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ បានបញ្ជាក់ប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១នេះថា រដ្ឋបាលខេត្ត នឹងចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអាជីវករណា ធ្វើការតម្លើងថ្លៃទំនិញ ខុសប្រក្រតី ដែលបានដាក់លក់លើទីផ្សារ ក្នុងខេត្តព្រះសីហនុ។

អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ បានបញ្ជាក់យ៉ាងដូច្នេះថា «រដ្ឋបាលខេត្ត នឹងចាត់មន្ទីរពាណិជ្ជកម្ម ឲ្យអង្កេត តាមដាននូវតម្លៃទំនិញគ្រប់ប្រភេទ ដែលបានដាក់លក់ លើទីផ្សារ ក្នុងខេត្តព្រះសីហនុ។ ក្នុងករណីរកឃើញថា មានអាជីវករណា ធ្វើការតម្លើងថ្លៃទំនិញ ខុសប្រក្រតី រដ្ឋបាលខេត្ត នឹងចាត់វិធានការដាក់ពិន័យ រដ្ឋបាលយ៉ាង តឹងរឹងបំផុត ហើយបើការតម្លើងថ្លៃនេះ បង្កចលាចលក្នុងសង្គម អាជីវករនោះ នឹងប្រឈមមុខផ្លូវច្បាប់ ដោយមិនលើកលែងឡើយ»

សូមជម្រាបជូនថា ដោយរកឃើញអាជីវករផ្សារលើ មានវិជ្ជមានជំងឺកូវីដ-១៩ កើនឡើងជាបន្តបន្ទាប់រួចមក រដ្ឋបាលខេត្តព្រះសីហនុ បានសម្រេចផ្អាកជាបណ្តោះអាសន្ន នូវអាជីវកម្ម លក់ដូរទាំងអស់ នៅក្នុងផ្សារលើ ក្រុងព្រះសីហនុ រយៈពេល១៤ថ្ងៃ ចាប់ពីម៉ោង១៥និង០០នាទីរសៀល ថ្ងៃទី១៦ ដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ ដើម្បីយកវត្ថុសំណាកអាជីវករផ្សារលើទាំងអស់ និងបាញ់ថ្នាំសម្លាប់មេរោគ ព្រមទាំងលាងសម្អាតផ្សារលើទាំងមូល។

ចំពោះការបិទផ្សារលើរយៈពេល១៤ថ្ងៃនេះ បងប្អូនប្រជាពលរដ្ឋអាចទៅទិញទំនិញ នៅទីផ្សារផ្សេងទៀត ជាបណ្តោះអាសន្នសិន ដោយឡែកចំពោះការលក់គ្រឿង ឧបភោគ និងបរិភោគនៅក្នុងផ្សារលើ នឹងដាក់ឲ្យដំណើរការឡើងវិញ ក្រោយបិទរយៈពេល០៣ថ្ងៃ ដោយអនុញ្ញាតចំពោះតែអាជីវករ ដែលមានលិខិតបញ្ជាក់ អវិជ្ជមានកូវីដ-១៩ លើកទី១ ពីមន្ទីរសុខាភិបាលខេត្ត៕