(កំពង់ចាម)៖ «គ្មានទីណាដែលស្រួលជាងប្រទេសយើងទេ ពេលយើងបាន ទៅដល់ណា សូមត្រឡប់មកជួយប្រទេសជាតិយើងវិញ» នេះគឺជាការថ្លែង របស់លោក ហ៊ុន ម៉ាណែត នៅក្នុងពិធីបញ្ចុះខណ្ឌសីមា និងឆ្លងសមិទ្ធិផលនានា នៅវត្តពោធិព្រឹក ហៅវត្តក្រូច ឃុំក្រូច ស្រុកព្រៃឈរ ខេត្តកំពង់ចាមនាថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៦ ដែលមានវត្តមានអភិបាលខេត្តលោក លន់ លឹមថៃ ផងដែរ។ លោក ហ៊ុន ម៉ាណែត តំណាងសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានថ្លែងទៅកាន់ ប្រជាពលរដ្ឋទាំងអស់ថា វត្តនេះត្រូវបានកសាងឡើង ក្នុងរយៈពេល៣០០ឆ្នាំ ដើម្បីកសាងសម្រាប់កូនចៅជំនាន់ក្រោយ ហើយកូនចៅបន្ត កសាងសម្រាប់កូនចៅ ជំនាន់ក្រោយៗទៀត។

លោកបានបន្តទៀតថា រាជរដ្ឋាភិបាល បានបន្តកសាង ដើម្បីបំពេញតម្រូវការរបស់ប្រជាពលរដ្ឋ ហើយក៏សូម អរគុណ និងកោតសរសើរព្រះចៅអធិការ សប្បុរសជនដែលបាន កសាងទីអារាមនេះ ដើម្បីបម្រើវិស័យសាសនា ដោយផលប្រយោជន៍ផ្ទាល់។ សមិទ្ធិផលនេះ បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍសង្គមជាតិដើម្បីបម្រើវិស័យសាសនា ព្រោះទីអារាមគឺ កន្លែងប្រមូលផ្តុំរវាងអ្នកមានជីវិត និងអ្នកដែលចែកឋានទៅ គឺជាកន្លែងធ្វើបុណ្យសន្សំកុសល្យ សម្រាប់ជាតិមុខតទៅទៀត និងជាកន្លែងភា្ជប់និស្ស័យ និងជាទីសក្ការៈ។

លោកបានបញ្ជាក់ថា ការចូលរួមរបស់សាសនា គឺការកសាងសន្តិភាព ព្រោះនយោបាយ ឈ្នះឈ្នះរបស់ប្រមុខរាជរដ្ឋាភិបាល បានផ្សាភ្ជាប់ និងសាសនា ធ្វើឱ្យយើងយោគយល់គ្នា សន្តោសប្រណី ធ្វើអំពើល្អ យោគយល់គ្នា មិនចងពារគ្នា។ ជាមួយគ្នានេះការកសាងហេដ្ឋារចនាសម្ព័ន្ធ សាលារៀន ផ្លូវថ្នល់ គឺធ្វើឡើងដើម្បី ប្រជាជនសម្បូរសប្បាយ ហើយទីអារាមនេះ សម្រាប់ឱ្យប្រជាពលរដ្ឋធ្វើបុណ្យ គោរពប្រតិបត្តិដែលទាំងអស់នេះជាអំពើល្អរបស់រាជរដ្ឋាភិបាល។

លោកក៏សូមអរគុណ អាជ្ញាធរដែលបានយកចិត្តទុកដាក់បម្រើប្រជាជនធ្វើ យ៉ាងណា ឱ្យស្រុកព្រៃឈរមានការរីកចម្រើន តែការធ្វើតែងតែមានចំណុចខ្សោយ ប៉ុន្តែយើងមានលទ្ធផលវិជ្ជមានជាច្រើន និងយើងខិតខំកែលម្អដើម្បីឱ្យមានការរីកចម្រើនទៅមុខទៀត។ លោក ហ៊ុន ម៉ាណែត បានផ្តាំទៅ ឱ្យក្មួយៗទាំងអស់ ធ្វើជាកូនល្អ មិនធ្វើបាបឪពុកម្តាយ ត្រូវធ្វើអំពើល្អជួយឪពុកម្តាយ និងត្រូវខិតខំរៀនសូត្រ និងបានថ្លែងអំណរគុណលោកគ្រូ អ្នកគ្រូដែលបានយកចិត្តទុកដាក់បង្ហាត់បង្រៀនសិស្សានុសិស្ស ។ ឱកាសដែលក្មួយៗ បានរៀនសូត្រនេះ គឺជាឱកាសមាស ដែលជំនាន់ឱពុកម្តាយ មិនបានរៀនសូត្រដូចសព្វថ្ងៃ។ ចំណុចមួយទៀតដែលលោកបានលើកឡើងផងនោះគឺ ការធ្វើឱ្យមានភូមិឃុំមានសុវត្ថិភាព ត្រូវមានចំណុចសំខាន់ពីរ ទី១ ការអនុវត្តរបស់សមត្ថកិច្ច និងទី២ការចូលរួមរបស់ប្រជាពលរដ្ឋ។

នៅក្នុងឱកាសនោះ លន់ លឹមថៃ ក៏បានលើកឡើងថា ការអភិវឌ្ឍក្នុងស្រុកមានការរីកចម្រើនជាបន្តបន្ទាប់ បានមកពីការចូលរួមពីសប្បុរសជន ក្រុមការងារគណបក្សប្រជាជនកម្ពុជា និង ប្រជាពលរដ្ឋដែលនេះ គឺជាឆ្លុះបញ្ចាំងស្មារតីសាមគ្គីភាព និងសន្តិភាព។ ប្រទេសជាតិមានសុខសន្តិភាព ជិត៣០ឆ្នាំក្រោមគោលនយោបាយ និងការដឹកនាំរបស់រាជរដ្ឋាភិបាល បានធ្វើឱ្យមានសន្តិភាព ការរីកសម្រើនហេដ្ឋារចនាសម្ព័ន្ធ និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ហើយសន្តិភាពកើតចេញពី មហាសាមគ្គីដើម្បីអភិវឌ្ឍប្រទេសជាតិ។ ក្រុមអគតិ និងសប្បាយចិត្ត និងសមិទ្ធិផលដែលរាជរដ្ឋាភិបាលខិតខំកសាងតាំងពីបាតដៃទទេ និងបានប្រើឧបាយកលគ្រប់បែបយ៉ាង និងបំភ្លៃការពិតដើម្បីបំពេញការចង់ឈ្នះរបស់បក្សខ្លួន។

លោកថា វាយឺតបន្តិចបើប្រៀបធៀប ប្រទេសដែលរីចម្រើន ប៉ុន្តែជាខិតខំបង្កឱកាស ឲ្យមានការអភិវឌ្ឍ និងឱកាសផ្សេងៗ និងកំពុងកែលម្អ សូមប្រជាពលរដ្ឋជឿជាក់លើការដឹកនាំ របស់ប្រមុខរាជរដ្ឋាភិបាល និងចូលរួមទាំងអស់គ្នា ដើម្បីឱកាសរីកចម្រើននៃប្រទេសជាតិ។ យកឱកាសនោះលោកអភិបាលខេត្តក៏បាន ប្រកាសចាត់វិធានការ លើភាពអសកម្មមួយចំនួន ដូចជា គ្រឿងញៀន ល្បែងស៊ីសង និង ការចូលរួមអនុវត្តច្បាប់ ចរាចរណ៍ផ្លូវគោក និងអញ្ជើញប្រជាពលរដ្ឋ ចូលរួមកំសាន្តបុណ្យទន្លេនៅថ្ងៃទី១១ដល់ថ្ងៃទី១៣ ខែមីនានេះផងដែរ៕