(បន្ទាយមានជ័យ)៖ រដ្ឋបាលក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានចេញសេចក្តីណែនាំ ស្ដីពីការផ្អាកការលក់ដូរគ្រឿងស្រវឹងគ្រប់ប្រភេទ ក្នុងភូមិសាស្ត្រ ក្រុងប៉ោយប៉ែត ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់មានការជូនដំណឹងជាថ្មី។ នេះតាមសេចក្ដីណែនាំ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១នេះ។

សេចក្ដីណែនាំ បានបញ្ជាក់យ៉ាងដូច្នេះថា «ដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ និងការកាត់ផ្តាច់ នូវការចម្លងក្នុងសហគមន៍ នៃព្រឹត្តិកាណ៍សហគមន៍ ២០កុម្ភៈ ឆ្នាំ២០២១ រដ្ឋបាលក្រុង សូមធ្វើការផ្អាកជាបណ្តោះអាសន្ន នូវការលក់ដូរគ្រឿងស្រវឹងគ្រប់ប្រភេទទូទាំង ក្រុងប៉ោយប៉ែត ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់មានការជូនដំណឹងជាថ្មី»

ទទួលបានសេចក្តីណែនាំនេះ នាយករដ្ឋបាលសាលាក្រុង អធិការនគរបាលក្រុង មេបញ្ជាការកងរាជអាវុធហត្ថក្រុង អភិបាល នៃគណៈអភិបាលក្រុង ការិយាល័យ-អង្គភាព វិស័យឯកជន និងម្ចាស់ដេប៉ូ អាជីវករដែលលក់ដូរគ្រឿងស្រវឹងគ្រប់ប្រភេទ ទាំងលក់ដុំ និងលក់រាយ និងម្ចាស់ភោជនីយដ្ឋាន អាហារដ្ឋាន តូបអាហារ ហាងភេសជ្ជៈគ្រប់ប្រភេទ ចូលរួមអនុវត្តតាមខ្លឹមសារនៃសេចក្តីណែនាំនេះ ឲ្យមានប្រសិទ្ធភាព និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕