(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១នេះ បានផ្ញើសារចូលរួមរំលែកទុក្ខ ចំពោះមរណភាពរបស់ លោក ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន ដែលបានបាត់បង់ជីវិតដោយសារជំងឺកូវីដ១៩ កាលពីល្ងាចថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១។

ក្នុងលិខិតផ្ញើទៅលោកស្រី សូ សាម៉ូនី ម៉ៅអាយុទ្ធ និងក្រុមគ្រួសារ សម្តេច សាយ ឈុំ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ក្នុងនាមសមាជិក សមាជិកាព្រឹទ្ធសភា ព្រមទាំងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងរូបខ្ញុំផ្ទាល់ ខ្ញុំមានសេចក្តីក្រៀមក្រំបំផុតចំពោះមរណភាព លោក ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាអ្នកនិពន្ធខ្សែភាពយន្តដ៏ល្បីមួយរូបរបស់ព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃព្រហស្បតិ៍ ៤កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១៨៖០០នាទីល្ងាច ក្នុ្ងងជន្មាយុ ៧៧ឆ្នាំ ដោយជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត»។

សម្តេច សាយ ឈុំ បានចាត់ទុកថា លោក ម៉ៅ អាយុទ្ធ ជាកុលបុត្រខ្មែរដ៏ឆ្នើមមួយរូប ដែលស្ទើរមួយជីវិតបានបូជាអស់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតីដោយមិនខ្លាចនឿយហត់ ខិតខំជួយដឹកនាំនិងអភិវឌ្ឍវិស័យព័ត៌មានកម្ពុជាឲ្យមានការរីកចម្រើនរហូតមកដល់ សព្វថ្ងៃ។ លោក ម៉ៅ អាយុទ្ធ បានយកចំណេះដឹង បទពិសោធន៍ល្អៗមកបណ្តុះបណ្តាលដល់កូនខ្មែរជំនាន់នេះឲ្យ បានយល់ដឹងយ៉ាងទូលំទូលាយ និងអនុវត្តបានយ៉ាងល្អប្រសើរលើវិស័យសិល្បៈ ពិធីករ ពិធីការនី តារាភាពយន្ត អ្នកអត្ថាធិប្បាយ បណ្តុះបណ្តាលអ្នកបន្តវេននិពន្ធ ដឹកនាំខ្សែភាពយន្ត កំណាព្យ ប្រលោមលោក រួមនិងមានស្នាដៃដ៏ល្អប្រពៃជាច្រើនទៀត។

សម្តេច សាយ ឈុំ សូមចូលរួមរំលែកទុក្ខ និងសោកស្តាយអាឡោះអាល័យជាទីបំផុតជាមួយលោកស្រី ព្រមទាំងក្រុមគ្រួសារចំពោះការបាត់បង់ស្វាមី បិតា ជីតាជាទីគោរពស្រលាញ់ប្រកបដោយព្រហ្មវិហារធម៌ និងទឹកចិត្តសណ្តោសប្រណីដ៏ថ្លៃថ្លាបំផុតសម្រាប់ភរិយា កូនចៅ មិត្តភក្រ្តរួមការងារ និងសាច់ញាតិជិតឆ្ងាយទាំងអស់។

សម្តេចសូមបួងសួងដល់វត្ថុស័ក្កសិទ្ធិក្នុងលោក និងតេជៈបារមី នៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយបីបាច់ថែរក្សា ដល់វិញ្ញាណក្ខន្ធរបស់ លោក ម៉ៅ អាយុទ្ធ បានទៅសោយក្នុងសុគតិភពជានិច្ចនិរន្តរ៍តរៀងទៅ។

សូមជម្រាបថា លោក ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន បានទទួលមរណភាព នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត (ពេទ្យរុស្ស៉ី) នៅវេលាម៉ោងប្រមាណ ៦ល្ងាចថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១នេះ ដោយសារជំងឺកូវីដ១៩។ លោក ម៉ៅ អាយុទ្ធ ដែលមានអាយុ៧៧ឆ្នាំ រស់នៅភូមិ០៧ សង្កាត់បឹងរាំង ខណ្ឌដូនពេញ បានបានឆ្លងកូវីដ១៩ ហើយបានចូលសម្រាកនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១៕