(ភ្នំពេញ)៖ គណៈអចិន្ដ្រៃយ៍ នៃគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា បានផ្ញើសាររំលែកទុក្ខចំពោះមរណភាពរបស់ លោក ម៉ៅ អាយុទ្ធ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជារដ្ឋលេខាធិការក្រសួងព័ត៌មាន ដោយសារជំងឺកូវីដ១៩។

គណៈអចិន្ដ្រៃយ៍នៃគណៈកម្មាធិការកណ្ដាល សូមសម្ដែងនូវការសោកស្ដាយគ្មានអ្វីប្រៀបផ្ទឹមបានឡើយ ចំពោះមរណភាពនេះ និងសូមកត់ត្រានូវរាល់ស្នាដៃ ឧត្តមគិត វីរភាព និងគុណបំណាច់របស់លោក ម៉ៅ អាយុទ្ធ ដែលបានបូជាកម្លាំងកាយចិត្ត ប្រាជ្ញា និងបន្សល់ទុកនូវស្នាដៃល្អៗ ជាច្រើនក្ននុងការចូលរួមបម្រើឧត្តមប្រយោជន៍សង្គម ជាតិ សាសនា ព្រះមហាក្សត្រ និងគណបក្សប្រជាជនកម្ពុជា។

គណៈអចិន្ដ្រៃយ៍នៃគណៈកម្មាធិការកណ្ដាល សូមចូលរួមរំលែកនូវមរណទុក្ខដោយក្ដីសោកសង្រេងបំផុតជាមួយ ក្រុមគ្រួសារ នៃសពលោក ម៉ៅ អាយុទ្ធ ហើយសូមបួងសួងឲ្យវិញ្ញាណក្ខន្ធរបស់លោក បានទៅកាន់សុគតិភពកុំបីខានឡើយ។

សូមជម្រាបថា លោក ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន បានទទួលមរណភាព នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត (ពេទ្យរុស្ស៉ី) នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១នេះ ដោយសារជំងឺកូវីដ១៩។ នេះបើតាមលោក ផុស សុវណ្ណ អគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News។

លោក ម៉ៅ អាយុទ្ធ ដែលមានអាយុ៧៧ឆ្នាំ រស់នៅភូមិ០៧ សង្កាត់បឹងរាំង ខណ្ឌដូនពេញ បានបានឆ្លងកូវីដ១៩ ហើយបានចូលសម្រាកនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១៕