(កំពង់ចាម)៖ ស្នងការនគរបាល ខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ បែន រ័ត្ន បានបញ្ជាក់បន្ថែមថា នៅរសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៦នេះកម្លាំងនគរបាលរបស់លោក បានបន្តចុះទៅបង្ក្រាប និងចាប់ខ្លួនជនសង្ស័យ ជាបក្ខពួកចោរប្លន់​ម្នាក់ទៀត សរុបកើនឡើង៧នាក់ហើយ។ លោកឧត្តមសេនីយ៍​បានបន្តទៀតថា «យើងចាប់បានសារុប៧នាក់ ប្រុស៦នាក់ ស្រីម្នាក់ ក្នុងនោះមុខសញ្ញា​ចាស់៤នាក់ ទើបចេញពីពន្ធនាគារ២នាក់ទៀត (ម្នាក់ ជាម្ចាស់ហាង ដែលជួយលាក់កាំភ្លើង និងម្នាក់ទៀតកំពុងស៊ើបអង្កេត)»

សម្រាប់ប្រតិបត្តិការនេះ កម្លាំងនគរបាលបានដកហូតកាំភ្លើងខ្លីមួយដើមម៉ាកកា៥៩ផងដែរ។ លោកឧត្តមសេនីយ៍ស្នងការបានបន្តថា ជនសង្ស័យទាំងនេះ យើងប្រគល់ឲ្យនគរបាលខេត្តកណ្តាលម្នាក់ និងត្រៀមប្រគល់ឲ្យទាំងអស់ ព្រោះពាក់ព័ន្ធប្លន់ក្នុងក្រុមអា មមិសដែលធ្វើសកម្មភាពប្លន់ នៅខេត្តព្រៃវែង ខេត្តត្បូងឃ្មុំ ខេត្តកណ្តាល និងបណ្តាខេត្តផ្សេងទៀតផងដែរ។ ស្នងការខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ បែន រ័ត្ន បានថ្លែងថា «ជាលទ្ធផលរួមរបស់យើងទាំងអស់គ្នា! នេះគឺជាប្រសិទ្ធផលក្រោមការដឹកនាំរបស់នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការ និងការគាំទ្រយ៉ាងសកម្ម​ខ្លាំងក្លាពីនាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ លោកឧត្តមសេនីយ៍ទោ ប៉ាង ណារ៉េន និងរាល់ការជួយផ្តល់គំនិតស្មារតីប្រកបដោយជំនាញក្នុងវិជ្ជាជីវៈ និងមនសិការខ្ពស់​របស់មិត្តស្នងការយើង​ទាំងអស់គ្នា»

សូមបញ្ជាក់ថា នៅថ្ងៃទី៤-៥ ខែមីនា ឆ្នាំ២០១៦ កម្លាំងនគរបាលខេត្តកំពង់ចាម និងសហការជាមួយនគរបាលតាមខេត្តមួយចំនួន បានបើកប្រតិបត្តិការបង្ក្រាបក្រុមចោរប្លន់ប្រដាប់អាវុធ ជាបន្តបន្ទាប់ នៅស្រុកជើងព្រៃ ស្រុកព្រៃឈរ និងស្រុកស្ទឹងត្រង់ ដែលបានបង្អាក់សកម្មភាពរបស់ពួកគេដែលចង់ប្លន់នៅទឹកដីខេត្តកំពង់ចាមនោះ៕