(ព្រះវិហារ)៖ ក្រុមគ្រួសារយោធា ៦៥៨គ្រួសារ ដែលបាននិងកំពុងឈរជើង​ការពារបូរណភាពទឹកដី​នៅខេត្តព្រះវិហារ ទទួលបានបណ្ណកាន់​កាប់ដីធ្លីពី​រាជរដ្ឋាភិបាល​សម្តេចតេជោ ហ៊ុន សែន។

ពិធីចែកបណ្ណកម្មសិទ្ធដីធ្លីនា​ព្រឹកថ្ងៃទី០៥ ខែមីនា  ឆ្នាំ២០១៦នេះ ធ្វើឡើងនៅ ក្នុងទីតាំងបញ្ជាការដ្ឋាន​កងពលតូចអន្តរាគមន៍លេខ៩ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ក្រោមអធិបតីលោកទេសរដ្ឋមន្រ្តី អ៉ឹម ឈុនលឹម រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការសម្បទានដីសង្គមកិច្ចថ្នាក់ជាតិ ព្រមទាំងមានការចូលរួមផងដែរពី លោក អ៊ុំ ម៉ារ៉ា អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ នាយឧត្តមសេនីយ៍ បណ្ឌិត គន់ គីម អគ្គមេបញ្ជាការរង ជានាយសេនាធិការ ចម្រុះនៃកងយោធពលខេមរភូមិន្ទ ឯកឧនាយឧត្តមសេនីយ៍ឯក ស្រី ឌឹក នាយរង​សេនាធិការ​ចម្រុះ ជាមេបញ្ជា ការកងពលធំអន្តរាគមន៍លេខ៣ ឧត្តមសេនីយ៍ទោ ដួង ច័ន្ទ មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៩ និង រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការ អគ្គលេខា​ធិការ​រងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ អភិបាលរងខេត្ត អភិបាលស្រុក ប្រធាន អនុប្រធានមន្ទីរជំនាញ អាជ្ញាធរមូលឋាន នាយទាហាន នាយទាហានរង យោធិន និងគ្រួសារ ដែលទទួល​បាន​សម្បទានដីសង្គមកិច្ច សរុបជាង ៨០០នាក់។

ក្រុមគ្រួសារយោធា ដែលទទួលបណ្ណនេះមកពីភូមិសែនរុងរឿង២ សែនរុងរឿង៣ សែនរុងរឿង៤ និង ភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

លោក អ៊ុំ ម៉ារ៉ា បានឲ្យដឹងថា ទីតាំងនេះជាការអនុវត្តកម្មវិធីសម្បទានដីសង្គមកិច្ចជូនយោធិន នគរបាល និងគ្រួសារដែលកំពុងឈរជើងការពារបូរណភាពទឹកដីតាមបណ្តោយព្រំដែនទិសខាងលិច និងខាងជើងនៃព្រះរាជាណាចក្រកម្ពុជា ដោយមានការសាងសង់ហេដ្ឋារចនាសម្ព័ន្ធចាំបាច់មួយចំនួនដូចជា អណ្តូងទឹកស្អាត ផ្លូវ សាលារៀន ប៉ុស្តិ៍សុខភាព និងផ្ទះ ព្រមទាំងបានជួយភ្ជួរដី​សម្រាប់​កសិកម្ម​ផងដែរ។ ចំនួនប័ណ្ណកម្មសិទ្ធិដីធ្លីដែលត្រូវចែកនាថ្ងៃនេះមាន ៦៦៧ប័ណ្ណស្មើនឹងផ្ទៃដីទំហំ ២៦៦,២៧ហិកតា ជូនដល់យោធិន និងគ្រួសារចំនួន ៦៥៨គ្រួសារ។

លោកទេសរដ្ឋមន្រ្តី អ៉ឹម ឈុនលឹម បានថ្លែងកោតសរសើរចំពោះគណៈកម្មការអន្តរក្រសួងដើម្បីសម្របសម្រួលរៀបចំនិងអនុវត្តគម្រោងអភិវឌ្ឍន៍នៅតាមបណ្តោយព្រំដែនទិសខាងលិច និងខាងជើង​នៃព្រះរាជា ណាចក្រកម្ពុជា ដឹកនាំដោយរដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ក្រុមការងារបច្ចេកទេសគ្រប់លំដាប់ថ្នាក់ ក្រុមការងារចុះបញ្ជីដីធ្លី អង្គភាពយោធា នគរបាល ដែលបានសហការគ្នា​អនុវត្តការងារ​ទទួលបានលទ្ធផលល្អប្រសើររហូតមកដល់ ពេលនេះ។  

លោកទេសរដ្ឋមន្រ្តី បានរំលឹកថា ចាប់តាំងពីឆ្នាំ២០០៨មក ដើម្បីរក្សាការពារ គ្រប់គ្រងបូរណភាពទឹកដី និងដើម្បីអភិវឌ្ឍន៍តាមតំបន់បន្ទាត់ព្រំដែន រាជរដ្ឋាភិបាលបានបង្កើត​គម្រោងកសាងភូមិថ្មី​ជូនកងកម្លាំងប្រដាប់អាវុធ និងគ្រួសារ ដើម្បីឈរជើង និងរស់នៅជាអចិន្រ្តៃយ៍ក្នុងតំបន់នេះ គឺធានាភាពកក់ក្តៅដល់កងកម្លាំងប្រដាប់អាវុធអាចរស់នៅជាមួយគ្រួសាររបស់ខ្លួនក្បែរទីតាំងឈរជើង។

លោកបានថ្លែងបន្តថា «លទ្ធផលសម្រេចបាន និងធ្វើពិធីចែកបណ្ណ័នៅថ្ងៃនេះ គឺជាចំណែកមួយនៃគម្រោងកសាងភូមិថ្មីតាមតំបន់ព្រំដែនទាំង២ខេត្ត ព្រះវិហារ និងឧត្តរមានជ័យ ដែលសរុបលទ្ធផល​ទាំងអស់សម្រេចបាន ផ្តល់ផ្ទះ ៣០៩២ខ្នង ដល់ ៣០៩២ គ្រួសារលើផ្ទៃដី ១២២២០ហិកតា។ ដោយការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ​នាយករដ្ឋមន្រ្តី ដែលជានិច្ចកាលតែងគិតគូរដល់សុខទុក្ខជីវភាពរស់នៅរបស់កងកម្លាំងប្រដាប់អាវុធ ដោយបានផ្តល់ផ្ទះ ១៥៦០ខ្នង ដីលំនៅឋាន និងដីកសិកម្ម ៤៥៣០ហិកតា ដល់អតីតកងកម្លាំងប្រដាប់អាវុធ និងគ្រួសារចំនួន ៣៣០១គ្រួសារ។ ដូច្នេះសរុបលទ្ធផលការផ្តល់ជូនរបស់រាជរដ្ឋាភិបាលដល់កងកម្លាំងប្រដាប់អាវុធ ទាំងកម្លាំងកំពុងបំពេញ​ភារៈកិច្ចសកម្ម និងកម្លាំងចូលនិវត្ត គឺបានផ្តល់ផ្ទះចំនួន ៤៦៥២ខ្នង ដីលំនៅឋាន និងដីកសិកម្ម ១៦៧៥០ហិកតា ដល់ ៦៣៩៣គ្រួសារ»

ក្នុងឱកាសនោះដែរ លោកទេសរដ្ឋមន្រ្តី អ៉ឹម ឈុនលឹម ក៏បានផ្ដល់អាវយឺតម៉ាកល្អ តម្លៃ ៦៥ដុល្លារ ដល់គ្រួសារគ្រួសារកងទ័ព និងបានផ្ដល់ត្រាក់ទ័រម៉ាក Kubota មួយគ្រឿងតម្លៃ៣៥,០០០ដុល្លារ ជូនដល់ទីបញ្ជាការដ្ឋាន ដើម្បីភ្ជួររាស់ដីជូនគ្រួសារកងទ័ព។ ទន្ទឹមនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានចុះពិនិត្យមើលការរស់នៅ និងការបង្កបង្កើនផល របស់បងប្អូនយោធា និងគ្រួសារផងដែរ៕