(សៀមរាប)៖ ក្រុមគ្រូពេទ្យនៅព្រឹកថ្ងៃទី១៤ ខែមេសានេះ បានចុះយកសំណាកអ្នកពាក់ព័ន្ធជាង១៥០នាក់ ដែលមានការពាក់ព័ន្ធជាមួយអាជីវករផ្សារក្រោម ក្នុងក្រុងសៀមរាប ៤នាក់ ដែលតេស្ដឃើញវិជ្ជមានកូវីដ១៩ កាលពីថ្ងៃទី១២ ខែមេសា កន្លងទៅនេះ។

ប្រជាពលរដ្ឋ និងអាជីវករផ្សារក្រោម ក្នុងភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ចំនួន ១៥៦នាក់ ស្រី ១១៦នាក់ បាននាំគ្នាមកយកសំណាកដើម្បីធ្វើតេស្ដរកជំងឺកូវីដ១៩ តាមការអំពាវនាវរបស់អាជ្ញាធរខេត្តសៀមរាប។ ការយកសំណាកនេះធ្វើឡើងបន្ទាប់ពីអាជីវករលក់គ្រឿងក្រអូបក្នុងផ្សារក្រោម មានវិជ្ជមានកូវីដ១៩ កាលពីថ្ងៃទី១២ មេសា។

ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប លោក ក្រុស សារ៉ាត់ មានប្រសាសន៍ថា ចាប់ពីផ្ទុះព្រឹត្តិការណ៍សហគមន៍២០កុម្ភៈមក ខេត្តសៀមរាប មានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ១៧នាក់ហើយ ក្នុងនោះបានជាសះស្បើយ៣នាក់។

ប្រធានមន្ទីរសុខាភិបាលរូបនេះ បានបញ្ជាក់ថា អ្នកកើតជំងឺកូវីដ១៩នេះ មាន ៧ករណី ជាការនាំចូលពីក្រៅខេត្ត ហើយក្នុងនោះមានមួយករណី បានឆ្លងបន្តក្នុងសហគមន៍ខេត្តសៀមរាបចំនួន ១០នាក់។

លោកបន្ថែមថា ក្នុងការងារនេះ អាជ្ញាធរបានបិទខ្ទប់នូវទីតាំងមួយចំនួន ដូចជានៅភូមិខ្វៀន ភូមិគោកតាចាន់ ផ្សារភូមិភាគ៤ ក្នុងសង្កាត់គោកចក និងចុងក្រោយនេះគឺបិទផ្សារក្រោម ស្ថិតនៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ និងផ្សារវត្តអធ្វា ក្នុងភូមិកក្រាញ់ សង្កាត់សៀមរាប ក្រុងសៀមរាប។

ជាមួយគ្នានេះ រដ្ឋបាលខេត្តសៀមរាប បានអំពាវនាវឲ្យប្រជាពលរដ្ឋបន្តបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងចូលរួមអនុវត្តវិធានការ ៣ការពារ ៣កុំ និងអនុវត្តកាតព្វកិច្ចពាក់ម៉ាស់ និងរក្សាគម្លាតសុវត្ថិភាព ពិសេសគឺអនុវត្តវិធានការរដ្ឋបាលខេត្តសៀមរាប និងវិធានការចត្តាឡីស័ក៕