(ព្រៃវែង)៖ ថវិកាមូលនិធិរបស់សម្ដេចក្រឡាហោមស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃជាង១៣​លានរៀលត្រូវបាន​លោក អ៊ុំ វណ្ណា ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយ​ឃុំ​ចុងអំពិល ស្រុកកញ្ច្រៀច ខេត្តព្រៃវែង និងក្រុមការងារពាំនាំយកទៅប្រគល់ជូនបងប្អូន​ប្រជាពលរដ្ឋនៅក្នុង​ឃុំចុងអំពិល ដែលមានទុក្ខលំបាកដោយសារសាច់ញាតិ​ទទួលមរណភាព និងស្ត្រីឆ្លងទន្លេនាព្រឹកថ្ងៃទី៥ ខែមិនា ឆ្នាំ២០១៦នេះ។

សូមបញ្ជាក់ថាក្រុមគ្រួសារប្រជាពលរដ្ឋរស់​នៅក្នុងឃុំចុងអំពិលទាំងមូល ដែលមានទុក្ខដោយសារ​មាន​សាច់ញាតិ​ទទួលមរណភាព និងជួបការលំបាកលើផ្នែកជីវភាពដោយឆ្លង ទន្លេនៅក្នុង​មួយរយៈ​ពេល​ថ្មីៗ​នេះមានចំនួនសរុប៦២គ្រួសារ (ទទួលមរណភាព១៥នាក់និងស្ត្រីឆ្លងទន្លេមានចំនួន៤៧នាក់)។ ក្នុងនោះយោងតាមគោលការណ៏មូនិធិ​របស់សម្ដេចក្រឡាហោមស ខេង គឺគ្រួសារប្រជាពលរដ្ឋ​នៅទូ​ទាំង​ខេត្តព្រៃវែង ទាំងមូលដែលមានទុក្ខលំបាកដោយសារសាច់ញាតិទទួលមរណភាពនិងស្ត្រីឆ្លងទន្លេគឺត្រូវទទួល បានថវិកាចំនួន២០មុឺនរៀលដូចៗគ្នា។ ក្រៅពីនេះលោកអ៊ុំ វណ្ណាក៏បានផ្ដល់ថវិកាចំនួន១លាន​២សែនរៀល​ទៀត​សម្រាប់ចំណាយ​រដ្ឋបាលផ្សេងៗ។

ខណៈនាំយកថវិកាមូនិធិសម្ដេចក្រឡា​ហោមស ខេង ទៅប្រគល់ជូនប្រជាពលរដ្ឋដល់លំនៅដ្ឋាន លោកអ៊ុំ វណ្ណា ក៏ពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ​ប្រជាពលរដ្ឋ​ទាំងអស់ ពីសំណាក់​លោកនាយឧត្តមសេនីយ៍​នេត សាវឿន ប្រធានក្រុមការងារថ្នាក់ជាតិចុះ​ជួយស្រុក​កញ្ច្រៀច សម្ដេចក្រឡាហោមស ខេងប្រធានក្រុមការងារថ្នាក់ជាតិចុះជួយ ខេត្តព្រៃវែង ជាពិសេសសម្ដេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រី ដែល​សម្ដេច​ទាំងពីរ និងថ្នាក់ដឹកនាំរាជរដ្ឋាភិបាលគ្រប់រូបក៏​ដូចមន្ត្រីអាជ្ញាធរសមត្ថកិច្ច​ទាំងអស់តែងតែ​យកចិត្ត ទុកដាក់ពីទុក្ខលំបាក​របស់ប្រជាពលរដ្ឋ​ដោយមិនប្រកាន់​និន្នាការនយោបាយ​អ្វីនោះ​ឡើយ៕