(ភ្នំពេញ)៖ ក្រុមហ៊ុន Thai Smile Airways បានបង្ហាញពីគម្រោង ហោះហើរត្រង់បន្ថែមទៀត រវាងក្រុងបាងកកនិងភ្នំពេញ បន្ទាប់ពីបានបើកការហោះហើរត្រង់បាងកក-សៀមរាប កាលពីខែមុន។ ចំណែកប្រទេសកម្ពុជា បានស្នើឱ្យក្រុមហ៊ុនបន្ថែមគម្រោង ហោះហើរត្រង់ទៅកាន់ខេត្តព្រះសីហនុ ដែលជាតំបន់ទេសចរណ៍មាត់សមុទ្រ ដ៏ទាក់ទាញរបស់កម្ពុជាថែមទៀត។

ក្រុមហ៊ុនអាកាសចរ Thai Smile (Thai Smile Airways) បានដាក់ឱ្យដំណើរការ ជើងហោះហើរទៅមក សៀមរាប-បាងកក ចំនួន៤ថ្ងៃក្នុងមួយសប្តាហ៍ និង២ជើងក្នុងមួយថ្ងៃ កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៦ កន្លងទៅថ្មីៗនេះ ដើម្បីសម្រួលដល់ភ្ញៀវទេសចរ អន្តរជាតិដែលទៅកម្សាន្ត នៅប្រទេសថៃ មកទស្សនាប្រាសាទអង្គររបសកម្ពុជា។

នៅក្នុងជំនួបជាមួយលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ កាលពីម្សិលមិញ លោក Apitat Limpisvasti នាយករងប្រតិបត្តិ នៃក្រុមហ៊ុនអាកាសចរ Thai Smile បានបង្ហាញពីគម្រោងថ្មីទៀត ក្នុងការបង្កើតជើងហោះហើរត្រង់បន្ថែមទៅមក បាងកក-ភ្នំពេញ នៅពេលខាងមុខនេះ។

លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានវាយតម្លៃខ្ពស់ចំពោះការគាំទ្ររបស់ក្រុមហ៊ុន Thai Smile ទៅលើកម្មវិធីទេសចរណ៍ ឱ្យស្របទៅតាមទិសស្លោក «ព្រះរាជាណាចក្រពីរគោលដៅទេសចរណ៍តែមួយ (Two Kingdoms, One Destination)» រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ក៏ដូចជាការជួយផ្សព្វផ្សាយពីទេសចរណ៍កម្ពុជា ទាក់ទាញភ្ញៀវទេសចរថៃ មកទស្សនាកម្ពុជា។

ជាមួយគ្នានេះ លោករដ្ឋមន្រ្តី បានស្នើរឱ្យក្រុមហ៊ុនពិនិត្យបន្ថែមលើការហោះហើររបស់ក្រុមហ៊ុន Thai Smile Airways ទៅកាន់ ខេត្តព្រះសីហនុ ដែលជាតំបន់ឆ្នេរដ៍ស្រស់ស្អាតរបស់កម្ពុជា ដ៏មានសក្តានុពលក្នុងការទាក់ទាញភ្ញៀវទេសចរ ក៏ដូចជាទៅកាន់ តំបន់អេកូ-ទេសចរណ៍ភូមភាគឦសាន បន្ថែមទៀតនាពេលអនាគត ៕