(ព្យុងយ៉ាង)៖ ប្រទេសកូរ៉េខាងជើងនៅថ្ងៃសុក្រ នេះបានប្រកាសថ្កោលទោសចំពោះដំណោះស្រាយរបស់ ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ (UNSC) ព្រមទាំងព្រមានថា ប្រទេសរបស់ខ្លួននឹងមិននៅ ស្ងៀមនោះឡើយ ដោយនឹងធ្វើការសងសឹងទៅនឹងទង្វើអន្តរជាតិនោះវិញ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារ ព័ត៌មានចិនស៊ិនហួរ នៅថ្ងៃសុក្រ ទី០៤ ខែមីនា ឆ្នាំ២០១៦។

ដំណោះស្រាយថ្មី កាលពីថ្ងៃព្រហស្បតិ៍ ដែលត្រូវបានអនុម័តជាផ្លូវការដោយអង្គការសហប្រជាជាតិ បានបន្ថែម ទណ្ឌកម្មកាន់តែធ្ងន់ធ្ងរជាងមុន និង ជាក់លាក់បំផុតទៅលើ ទីក្រុងព្យុងយ៉ាង ដើម្បីឆ្លើយតបទៅនឹងទង្វើកន្លងមក ដែលរដ្ឋអធិបតេយ្យ និង ជាសមាជិកពេញសិទ្ធិរបស់សហគមន៍អន្តរជាតិមួយនេះ បានប្រព្រឹត្តផ្ទុយនឹងដំណោះ ស្រាយអន្តរជាតិកន្លងមក ដូចជាការធ្វើតេស្តគ្រាប់បែកអ៊ីដ្រូសែន និង បាញ់គ្រាប់រ៉ុក្កែត បង្ហោះផ្កាយរណបជាដើម។

កូរ៉េខាងជើង នៅក្នុងបណ្តាញព័ត៌មានរដ្ឋរបស់ខ្លួន ដែលបានចេញផ្សាយនៅថ្ងៃសុក្រ នេះ បានហៅទណ្ឌកម្មថ្មីរបស់អន្តរជាតិថា «ជាការប្រមាថ បែបបង្កហេតុយ៉ាងធ្ងន់ធ្ងរ ប្រឆាំងនឹងកូរ៉េខាងជើង ហើយក៏បានគំរាមកំហែងយ៉ាងខ្លាំងក្លាចំពោះ អធិបតេយ្យភាព របស់ប្រទេសមួយនេះដែរ។» កូរ៉េខាងជើងក៏បាន ព្រលយពាក្យថែមទៀតថា នឹងធ្វើការឆ្លើយតបវិញឲ្យសក្តិសមបំផុត ចំពោះទង្វើគ្រប់យ៉ាងមកលើប្រទេសរបស់ខ្លួន៕