(ភ្នំពេញ)៖ លោក គឹម សន្តិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១នេះ បានថ្លែងថា អ្នកដែលល្មើសបំរាមការចេញ-ចូល ពីភូមិសាស្ត្រខេត្តមួយទៅភូមិសាស្ត្រខេត្តមួយទៀត អាចប្រឈមនឹងការជាប់ពន្ធនាគារខ្ពស់បំផុតរហូតដល់ ៥ឆ្នាំ។

ទណ្ឌកម្មនេះ ធ្វើឡើងដោយអនុលោមតាមមាត្រា១០ នៃច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។

ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News, លោក គឹម សន្តិភាព បន្តថា ការហាមឃាត់ការធ្វើដំណើរឆ្លងកាត់ ចេញ-ចូល ពីភូមិសាស្ត្រខេត្តមួយទៅភូមិសាស្ត្រខេត្តមួយជាបណ្តោះអាសន្ន ដែលសម្រេចដោយរាជរដ្ឋាភិបាល គឺជា «វិធានការរដ្ឋបាល» ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

លោកបានបញ្ជាក់យ៉ាងដូច្នេះថា៖ «ហេតុនេះជនណាដែលមិនគោរព "វិធានការរដ្ឋបាល" ដោយចេតនា នឹងត្រូវប្រឈមនឹងការផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់ ៣ឆ្នាំ ឬ៥ឆ្នាំ ប្រសិនអំពើនេះបណ្តាល ឱ្យមានការចម្លងជំងឺកូវីដ-១៩ ដល់អ្នកដទៃ ឬបណ្តាល ឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ ដោយមិនគិតដល់បទល្មើសព្រហ្មទណ្ឌដទៃទៀត»

បើតាមមន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌រូបនេះ ចំពោះអ្នកដែលជួយសម្រួលដោយចេតនាដល់ការប៉ុនប៉ង ឬការសម្រេចអំពើមិនគោរព «វិធានការរដ្ឋបាល» នេះ ក៏នឹងត្រូវផ្ដន្ទាទោសដូចគ្នានឹងអ្នកប្រព្រឹត្តផងដែរ អនុលោមតាមមាត្រា២៩ នៃក្រមព្រហ្មទណ្ឌផងដែរ។

ច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ បានចែងថា

មាត្រា១០៖ បទមិនគោរពវិធានការរដ្ឋបាល ដោយមិនគិតដល់បទល្មើសព្រហ្មទណ្ឌដទៃទៀត អំពើដោយចេតនាមិនគោរពវិធានការរដ្ឋបាល ដែលបានដាក់ចេញស្របតាមច្បាប់នេះ ត្រូវទទួលពិន័យអន្តរការណ៍ពី១.០០០.០០០(មួយលាន)រៀល ទៅ ៥.០០០.០០០(ប្រាំលាន)រៀល។

ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦(ប្រាំមួយ)ខែ ទៅ ៣(បី)ឆ្នាំ និងពិន័យជាប្រាក់ពី២.០០០.០០០(ពីរលាន) រៀល ទៅ ១០.០០០.០០០(ដប់លាន)រៀល កាលបើអំពើខាងលើនេះបណ្តាលឱ្យមានការចម្លងជំងឺកូវីដ-១៩ ដល់អ្នកដទៃ។

ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី២(ពីរ)ឆ្នាំ ទៅ ៥(ប្រាំ)ឆ្នាំ និងពិន័យជាប្រាក់ពី៥.០០០.០០០(ប្រាំលាន) រៀល ទៅ ២០.០០០.០០០(ម្ភៃលាន)រៀល កាលបើអំពើខាងលើនេះបណ្តាលឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ។

សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបិទការធ្វើដំណើរឆ្លងកាត់ ចេញ-ចូល ពីខេត្តមួយទៅខេត្តមួយជាបណ្តោះអាសន្នរយៈពេល ១៤ថ្ងៃ ចាប់ពីម៉ោងសូន្យនៃថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១។ ការបិទនេះក្នុងគោលបំណងប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ពីខេត្តមួយទៅខេត្តមួយទៀត។

ប៉ុន្តែសម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្តាល ត្រូវបានចាត់ទុកជាតំបន់មួយមិនស្ថិតនៅក្រោមវិសាលភាព នៃការហាមឃាត់ការធ្វើដំណើរឆ្លងកាត់ ចេញ-ចូល ទៅវិញទៅមកនោះទេ៕