(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៦នេះ បានប្រារព្ធខួបអនុស្សាវរីយ៍លើកទី១០៥ នៃទិវានារីអន្ដរជាតិ៨មីនា ក្រោមប្រធានបទ «វិនិយោគលើ សមភាពយេនឌ័រ ដើម្បីកិច្ចអភិវឌ្ឍប្រកបដោយចីរភាព» នៅទីស្ដីការក្រសួងសុខាភិបាល ក្រោមអធិបតីភាពរដ្ឋមន្ដ្រី ក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង និងមានការចូលរួមពីអគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ និងជាអនុប្រធានគណៈកម្មការ សាខាសមាគមនារីកម្ពុជា ដើម្បីសន្ដិភាព និងអភិវឌ្ឍន៍ក្រសួងសុខាភិបាល រួមទាំងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់។

លោករដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងថា ឆ្នាំនេះទិវាអន្ដរជាតិនារី៨មីនា បានប្រព្រឹត្ដទៅក្រោមប្រធានបទ «វិនិយោគលើសមភាពយេនឌ័រ ដើម្បីកិច្ចអភវឌ្ឍ ប្រកបដោយចីរភាព» លោកសូម​គាំទ្រ​​ទាំងស្រុង ចំពោះប្រធានបទនេះ ព្រោះថាបច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុនសែន ជានាយករដ្ឋមន្ដ្រី និងដោយមានការចូលរួមពីអង្គការ មិនមែនរដ្ឋាភិបាល​ផងនោះ ដែលបាលនឹងកំពុងយកចិត្ដទុកដាក់ ជាខ្លាំងក្នុងការងារបញ្ជ្រាបយេនឌ័រ លើគ្រប់វិស័យទូទាំងកម្ពុជា។

លោកបន្ដថា «ប្រធានបទក្នុងឆ្នាំនេះ គឺចង់បង្ហាញឲ្យយើងទាំងអស់គ្នា ឲ្យបានដឹងពីសមភាព​ពិតប្រាកដរវាងបុរស និងស្ដ្រី នឹងទទួលស្គាល់ថា ស្ដ្រីជាភ្នាក់ងារដ៏សំខាន់ ដែលមានតួនាទី ធ្វើឲ្យសង្គមមានការផ្លាស់ប្ដូរ ប្រែប្រួលមុខមាត់។ ជាងនេះទៅទៀត ខ្ញុំសង្ឃឹមថាប្រធានបទនេះ នឹងក្រើនរំលឹកដល់មន្ដ្រីរាជការ ក្រសួងសុខាភិបាលគ្រប់លំដាប់ថ្នាក់ ក្នុងការយកចិត្ដ​ទុកដាក់អនុវត្ដន៍ គោលនយោបាយ​សមភាពយេនឌ័រ ក្នុងអង្គភាពរបស់ខ្លួន ជាពិសេសនារីខ្លួនឯង ត្រូវខិតខំពង្រឹងសមត្ថភាពបន្ថែមទៀត ដើម្បីចូលរួមសហការ ក្នុងការអភិវឌ្ឍន៍​ប្រទេស ឲ្យកាន់តែរីកចម្រើនយ៉ាងឆាប់រហ័សទៅ»

លោករដ្ឋមន្ដ្រីបន្ដថា ការងាររបស់ស្ដ្រីក្នុងការចូលរួមចំណែក អភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិនោះ រាជរដ្ឋាភិបាលកម្ពុជា បានផ្ដល់ឱកាស និងលើកទឹកចិត្ដឲ្យស្ដី្រមានតួនាទី និងអ្នកគ្រប់គ្រង និងអ្នក​ដឹកនាំ ចាប់តាំងពីថ្នាក់ក្រោមជាតិ រហូតដល់ថ្នាក់ដឹកនាំកំពូល ជាក់ស្ដែងយើងមានសមាសភាពជានារី ក្នុងជួរថ្នាក់ដឹកនាំ ឃុំ-សង្កាត់ ស្រុក-ខណ្ឌ រាជធានី-ខេត្ដ ក្រសួង-ស្ថាប័ន ជាងនេះទៅទៀត​ក្នុងជួរដ្ឋាភិបាល រដ្ឋសភា និងព្រឹទ្ធសភា។

លោករដ្ឋមន្ដ្រីក៏បានកោត សរសើរដល់ការខិតខំប្រឹងប្រែង របស់ក្រុមការងារយេនឌ័រ ក្រសួងសុខាភិបាល និងគណៈកម្មការសមាគមនារីកម្ពុជា ដើម្បីសន្ដិភាព និងអភិវឌ្ឍន៍ក្រសួងផ្ទាល់ ដែលសហការគ្នា​បាន​ល្អក្នងការជួយទុក្ខធុរៈគ្នាទៅវិញទៅមក និងសូមថ្លែងអំណរគុណដល់ ដៃគូអភិវឌ្ឍន៍ទាំងអស់ ជាពិសេសអង្គការ UNFPA និងអង្គការសុខភាពពិភពលោក ដែលតែងតែបានជួយសហការ គាំទ្រ និងឧតបត្ថម្ភ ដល់កម្មវិធីកន្លងមកនេះផងដែរ៕