(ភ្នំពេញ)៖ ក្រុមនិស្សិតជាង១០០នាក់ មកពីសកលវិទ្យាល័យនានា ក្នុងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៦ បានយកញត្តិដាក់នៅទីស្នាក់ការរបស់គណបក្សសង្គ្រោះជាតិ ដើម្បីទាមទារឲ្យលោក កឹម សុខា ប្រធានស្តីទីគណបក្សនេះ ចេញមកបកស្រាយជុំវិញខ្សែអាត់សំឡេងនៃរឿងអាស្រូវស្នេហា ដែលផ្ទុះឡើងនៅលើបណ្តាញសង្គម Facebook និងសារព័ត៌មាន​នាថ្មីៗនេះ។

តាមរយៈញត្តិរបស់ក្រុមនិស្សិត, ពួកគេស្នើឲ្យ លោក កឹម សុខា ចេញមុខបកស្រាយឲ្យបានច្បាស់​លាស់ថាតើខ្សែអាត់​សំឡេង​ដែលនិយាយលែបខាយអំពីរឿងលើគ្រែ និងសាសងស្នេហ៍​លួចលាក់​ជាមួយស្រីក្មេងដែលបែកធ្លាយនោះ ជាសំឡេងរបស់លោក ពិតឬយ៉ាងណា?។ ទោះជាយ៉ាងនេះក្តីបន្ទាប់​ពីមានការជួបជុំគ្នារបស់និស្សិត មន្ត្រីគណបក្សសង្គ្រោះជាតិចេញមកទទួលញត្តិ តែមិនបាន​បកស្រាយអ្វីនោះទេ ហើយក្រុម​យុវជនក៏​បាននាំគ្នារំសាយ​និងចេញពី​ស្នាក់ការគណបក្ស​សង្គ្រោះជាតិនាម៉ោង ជាង២រសៀលផងដែរ ។

សូមជំរាបថារយៈពេលជិត១សប្តាហ៍កន្លងទៅនេះ រឿងអាស្រូវរបស់លោក កឹម សុខា បានផ្ទុះឡើងជាថ្មី នៅលើបណ្តាញសង្គម Facebook និងសារព័ត៌មាន បន្ទាប់ពីមានការបែក​ធ្លាយសំឡេងសាង​សង​ស្នេហាមួយ រវាងបុរសម្នាក់ដែលគេជឿថា ជាសម្លេងរបស់លោក កឹម សុខា ជាមួយនារីវ័យក្មេងឈ្មោះ «ស្រីមុំ» ដែលគេសង្ស័យថាជាស្រីកំណាន់។ តាមសំឡេងខ្សែអាត់នោះបង្ហាញថា ភាគីខាង បានណាត់នារីវ័យក្មេងម្នាក់ ដែលគេទៅដើរលេងនៅក្រៅប្រទេស និយាយអំពីរឿងលើគ្រែ ព្រមទាំងមានការផ្តល់លុយជូនស្រីកំណាន់ផងដែរ ។

កាលពីម្សិលមិញ ក្រោយកិច្ចប្រជុំថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ទាំង២៥ រាជធានី-ខេត្ត នៅស្នាក់ការគណបក្សសង្រ្គោះជាតិ លោក កឹម សុខា និងមន្រ្តីគណបក្សសង្រ្គោះជាតិ បានព្យាយាម​មិនបកស្រាយ ជុំវិញការផ្ទុះរឿងអាស្រូវស្នេហាតាមរយៈខ្សែអាត់សំឡេង ដែលគេបង្ហោះនៅលើទំព័រ Facebook ។ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ បានបដិសេធមិន​និយាយ​អ្វីសោះ នៅចំពោះមុខអ្នកសារព័ត៌មាន ដែលរង់ចាំសម្ភាសន៍រូបលោក ខណៈដែល លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ បានប្រាប់ក្រុមអ្នកសារព័ត៌មានថា លោកមិនជជែក​វែកញែក​ជុំវិញរឿងខ្សែអាត់សំឡេងនេះនោះទេ ហើយចាត់ទុកថា ការលេចចេញនូវខ្សែអាត់សំឡេងនោះ គឺជារឿងខុសនឹងមូលដ្ឋានច្បាប់៕