(ភ្នំពេញ)៖ លោកស្រី Li Ailan តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា នៅយប់ថ្ងៃទី១១ ខែមេសានេះ បានថ្លែងសារអបអរសាទរចំពោះកម្ពុជាដែលបានចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ ជូនប្រជាជនបាន ១លាននាក់។

តាមរយៈ Twitter, លោកស្រី Li Ailan បានបញ្ជាក់យ៉ាងដូច្នេះថា៖ «Congratulations to #Cambodia for achieving such great milestone in #COVID19 vaccines rollout! As of 11 April 2021, Cambodia got 1 million people vaccinated! Very pleased to note that health care workers and old groups are among those who received #COVID19 vaccines.»។

ខ្លឹមសារនេះមានអត្ថន័យជាខេមរភាសាថា «សូមអបអរសាទរកម្ពុជា ដែលបានទទួលជោគជ័យដ៏អស្ចារ្យនៅក្នុងការចាក់វ៉ាក់សាំងកូវីដ១៩។ គិតត្រឹមថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ ប្រជាជនកម្ពុជាបានទទួលការចាក់វ៉ាក់សាំងចំនួន ១ លាននាក់។ ជាក្តីរីករាយ និង​សូម​កត់​សម្គាល់​ថា បុគ្គលិក​ថែទាំសុខភាព និងក្រុមមនុស្សចាស់ ស្ថិតក្នុងចំណោមអ្នកដែលបានទទួលវ៉ាក់សាំងកូវីដ១៩»

គិតត្រឹមយប់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ ទូទាំងប្រទេសសរុបចំនួន ១,០១៨,៦០៥នាក់ ខណៈជនស្ថិតលើលេខរៀងទី ១លាន គឺលោក ប៉ាន់ សុវណ្ណរិទ្ធិ ភេទប្រុស អាយុ៣៦ឆ្នាំ ហើយមនុស្សដំបូងគេបំផុតដែលទទួលវ៉ាក់សាំងគឺលោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់សម្តេចតេជោ។

ក្នុងរបាយការណ៍ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានគឺបញ្ជាក់ថា៖

* ក្រសួងសុខាភិបាល ចាក់បានចំនួន៖ ៧៧៩,៨២៦នាក់។
* ក្រសួងការពារជាតិ ចាក់បានចំនួន៖ ២៣៨,៧៧៩នាក់
* សរុបចំនួន៖ ១,០១៨,៦០៥នាក់ (គិតត្រឹមថ្ងៃអាទិត្យនេះ)៕