(​កុង​ហ្គោ​)៖ មាន​មនុស្ស​ជាង ៥៥០,០០០​នាក់ បាន​ទទួលរង​ផលប៉ះពាល់ ដោយសារ​ទឹកជំនន់​វាយប្រហារ ចាប់តាំងពី​ខែ​តុលា ឆ្នាំមុន នៅ​ក្នុង​សាធារណរដ្ឋ​កុង​ហ្គោ នេះ​បើ​តាម​ការបញ្ជាក់​ពី​ការិយាល័យ អង្គការសហប្រជាជាតិ សម្រាប់​កិច្ចការ​មនុស្សធម៌ (OCHA) និង​ចេញផ្សាយ​ដោយសារ​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ិនហួ ថ្ងៃទី​០៤ ខែ​មីនា ឆ្នាំ​២០១៦​។​

​ប្រភព​ខាងលើ​បន្តថា យ៉ាងហោច​ណាស់​ខេត្ត​ចំនួន​០៧ នៃ​ខេត្ត​ទាំង​២៦ របស់​សាធារណរដ្ឋ​កុង​ហ្គោ បាន​ទទួលរង​ផលប៉ះពាល់ ហើយ​ខេត្ត Tshopo គឺជា​ខេត្ត​ដែល​ទទួលរង​ផលប៉ះពាល់​ខ្លាំងជាងគេ​បំផុត ជាមួយនឹង​មនុស្ស​ជិត ៤០០,០០០​នាក់ បាន​ធ្វើ​ការផ្លាស់​ទីលំនៅ​។ «​កាលពី​ចុង​សប្តាហ៍​មុន ខេត្ត Tanganyika ព្យុះ​ភ្លៀង​បាន​បង្ក​ឲ្យមាន​ការបាក់​ស្រុត​ដី ហើយ​បាន​បំផ្លេចបំផ្លាញ​ផ្លូវ​, សកម្មភាព​មនុស្សធម៌​ត្រូវបាន​ផ្អាក ស្របពេល​ដែល​មនុស្ស​ជាង ៦៤០,០០០​នាក់ កំពុង​ត្រូវការ​ជំនួយ​» នេះ​បើ​តាម​អ្នកនាំពាក្យ OCHA បានឲ្យដឹង​។ ប្រភព​ខាងលើ​បាន​បញ្ជាក់​ដែរ​ថា ទឹកជំនន់​បាន​បំផ្លេចបំផ្លាញ​ផ្ទះ​ជិត ៦៥,០០០​ខ្នង និង​ដំណាំ​កសិកម្ម ប្រមាណ​៥,០០០​ហិកតា​ផងដែរ​៕