(ភ្នំពេញ)៖ ទោះបីជាមានការបំពុលព័ត៌មានពីក្រុមឧទ្ទាមថា ការចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ ធ្វើឲ្យមនុស្សស្លាប់ និងមានបញ្ហាផ្សេងៗក្តី ក៏ការបំពុលនេះគ្មានប្រសិទ្ធភាពឡើយ ពោលបើគិតត្រឹមយប់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១នេះ រាជរដ្ឋាភិបាលកម្ពុជា បានបើកយុទ្ធនាការចាក់វ៉ាក់សាំង ជូនកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការស៉ីវិល និងប្រជាពលរដ្ឋ ដែលស្ថិតក្នុងក្រុមអាទិភាព កើនដល់១លាននាក់ហើយ។

នេះបើយោងតាមរបាយការណ៍របស់ក្រសួងការពារជាតិ និងក្រសួងសុខាភិបាល ស្តីពីចំនួនអ្នកទទួលវ៉ាក់សាំងកូវីដ១៩ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានផ្លូវការ។

នៅទីបំផុតនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ ក្រសួងសុខាភិបាលបានរកឃើញជនទី១លាន ដែលបានទទួលវ៉ាក់សាំង គឺលោក ប៉ាន់ សវុណ្ណរិទ្ធិ ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅ ផ្ទះលេខ២ ព្រែកព្រីង២ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ខណៈមនុស្សដំបូងគេបំផុតដែលទទួលវ៉ាក់សាំងគឺលោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់សម្តេចតេជោ។ 

លោក ប៉ាន់ សុវណ្ណរិទ្ធិ បានទៅចាក់វ៉ាក់សាំងនៅ សាលាសន្ធរម៉ុក សង្កាត់ទឹកល្អក់១ វេលាម៉ោង ១០ព្រឹកថ្ងៃទី១១ ខែមេសានេះ។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសផ្តល់ថវិកា៥លានរៀល ជូនដល់លោក ប៉ាន់ សុវណ្ណរិទ្ធិ ដែលជាជនទី១លាន ដែលបានចាក់វ៉ាក់សាំង ហើយថវិកានឹងទៅទទួលយកពីលោកស្រី ឱន វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល។ នេះបើយោងតាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ថ្លែងប្រាប់លោក លឹម ជាវុត្ថា អគ្គនាយកបណ្តាញព័ត៌មាន Fresh News នៅមុននេះបន្តិច

ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ គេសង្កេតឃើញមានកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការស៉ីវិល និងប្រជាពលរដ្ឋ ដែលស្ថិតក្នុងក្រុមអាទិភាព សម្រុកទៅទទួលវ៉ាក់សាំងយ៉ាងភ្លូកទឹកភ្លូកដី និងមានការបង្ហោះលើបណ្តាញសង្គមយ៉ាងព្រោងព្រាត ក្នុងន័យថ្លែងអំណរគុណដល់ការគិតគូរសុខភាពសាធារណៈ ពីរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំកំពូល។ ចំពោះប្រជាពលរដ្ឋ ដែលមិនទាន់ស្ថិតនៅក្នុងក្រុមអាទិភាព ក៏បានស្ម័គ្រចិត្តទៅចុះឈ្មោះក្នុងប្រព័ន្ធបញ្ជីឈ្មោះ របស់ក្រសួងសុខាភិបាល ដើម្បីរង់ចាំទទួលវ៉ាក់សាំងកូវីដ១៩ យ៉ាងអន្ទះសារ។

ការបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ធ្វើឡើងបន្ទាប់ពីកម្ពុជាមានវ៉ាក់សាំង ៣ប្រភេទ រួមមាន៖ ស៉ីណូហ្វាម ដែលជាអំណោយមហាមិត្តចិន មានចំនួន ១លាន៣សែនដូស, អាស្ត្រាហ្សេណេកា ដែលទទួលបានពីអង្គការសុខភាពពិភពលោក តាមរយៈយន្តការកូវ៉ាក់ចំនួន ៣២៤,០០០ដូស និងស៉ីណូវ៉ាក់របស់ចិន ដែលរាជរដ្ឋាភិបាលកម្ពុជាបញ្ជាទិញពីចិន ១លាន៥សែនដូស។

សម្តេចតេជោ ហ៊ុន សែន ធ្លាប់ប្រកាសថា រាជរដ្ឋាភិបាលកម្ពុជា នឹងត្រៀមបម្រុងវ៉ាក់សាំងចំនួន ២០លានដូស សម្រាប់ចាក់ជូនប្រជាពលរដ្ឋ ១០លាននាក់ ដោយមិនគិតថ្លៃ ហើយសូម្បីតែជនបរទេស ដែលរស់នៅកម្ពុជាស្របច្បាប់ ក៏ទទួលបានវ៉ាក់សាំងដោយឥតគិតថ្លៃផងដែរ។

ទោះបីជាប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់លើសុខភាព និងសុវត្ថិភាពប្រជាជនយ៉ាងនេះក្តី ក៏ក្រុមប្រឆាំងនឹងរាជរដ្ឋាភិបាល បានបំភ្លៃថា វ៉ាក់សាំងរបស់ចិន មិនមានប្រសិទ្ធភាព ហើយចាក់ទៅធ្វើឲ្យមនុស្សស្លាប់ជាដើម និងជំរុញពលរដ្ឋកម្ពុជាមិនឲ្យចាក់ផងដែរ។ ផ្ទុយទៅវិញ ការសម្រុកទៅទទួលវ៉ាក់សាំងដោយស្ម័គ្រចិត្ត យ៉ាងភ្លូកទឹកភ្លូកដី ពីសំណាក់កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការស៉ីវិល និងប្រជាពលរដ្ឋ ដែលស្ថិតនៅក្នុងក្រុមអាទិភាពកើនដល់ ១លាននាក់នេះបញ្ជាក់យ៉ាងច្បាស់ថា ការបំពុលពីក្រុមឧទ្ទាមគ្មានប្រសិទ្ធភាពឡើយ។

យោងតាមប្រសាសន៍សម្តេចតេជោ ហ៊ុន សែន, នៅឆ្នាំ២០២១នេះ វ៉ាក់សាំងជាច្រើនលានដូសទៀត នឹងមកដល់ប្រទេសកម្ពុជា ដោយវ៉ាក់សាំង ៥០ម៉ឺនដូស មកដល់ខែមេសា, ១លាន ៥សែនដូស មកដល់ខែឧសភា, ៣លានដូស មកដល់ខែមិថុនា, ២លានដូស មកដល់ខែកក្កដា និង ១លានដូស មកដល់ខែសីហា៕