(ភ្នំពេញ)៖ មេបញ្ជាការរងអាវុធហត្ថ ខណ្ឌឫស្សីកែវ លោក ស៊ុយ រតនៈ បានប្រាប់អង្គភាព Fresh Newsថា នៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៦នេះ កម្លាំងអាវុធហត្ថខណ្ឌ បានចាប់ ក្របួចចោរ​២នាក់ ក្រោយធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ ពីជនរងគ្រោះមិនបានសម្រេចស្ថិត នៅចំណុចក្នុងផ្សារច្រាំងចំរេះទី២ ក្រុមទី២ ភូមិខ១ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សកែវ ។

លោក ស៊ុយ រតនៈ បានបញ្ជាក់ថា ជនសង្ស័យត្រូវឃាត់ខ្លួនទី១ ឈ្មោះ ហ៊ូ សុធា អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅផ្ទះជួល ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ និងទី២ឈ្មោះ អឿន មករា អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល។ ក្រោយចាប់ខ្លួន រួមទាំងដកហូតម៉ូតូ១គ្រឿងម៉ាកLet's ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 1DE-0443។ រីឯជនរងគ្រោះឈ្មោះ ម៉េង សុភា ភេទស្រី អាយុ៤៤ឆ្នាំ មុខរបរលក់ដូរស្នាក់នៅ ផ្ទះកើតហេតុខាងលើ និងជាម្ចាស់ទូរស័ព្ទ iPhone6 Plusពណ៌​ទឹកមាស។ មេបញ្ជាការរងអាវុធហត្ថ ខណ្ឌឫស្សីកែវ បានបញ្ជាក់ទៀតថា មុនកើតហេតុជនរងគ្រោះឈ្មោះ ម៉េង សុភា កំពុងឈរនិយាយទូរស័ព្ទ ក៏លេចមុខជនសង្ស័យ២នាក់ ជិះ១គ្រឿង មកឆក់ទូរស័ព្ទដៃពីភ្លាមនោះ គាត់បានស្រែកផ្អើល​ឆោរឡោ ដល់ប្រជាពលរដ្ឋ ខណៈបុរសម្នាក់ ដែលនៅក្បែរនោះ បានបើករថយន្ដ​ដែលមិនស្គាល់ម៉ាក និងមិនចាំស្លាកលេខ បានបើកមកស្ទាក់ផ្លូវ ជនសង្ស័យទាំង២នាក់ ដែលកំពុងជិះបើកម៉ូតូរត់​គេច​ខ្លួន ស្របពេលនិងកម្លាំងអាវុធហត្ថ ខណ្ឌឫស្សីកែវ ដែលកំពុងល្បាតនៅក្បែរនោះ ដេញចាប់ខ្លួនចោរឆក់ទូរស័ព្ទដៃ បានភ្លាមៗតែម្ដង។

ក្រោយការចាប់ខ្លួន​ជនសង្ស័យទាំង​២នាក់ និងវត្ថុតាង​ត្រូវបាននាំយកសួរនាំ នៅទីបញ្ជាការដ្ឋានអាវុធហត្ថខណ្ឌ​ឫស្សីកែវ ដើម្បីចាត់ការតាមនីតិវិធី៕