(កំពង់ឆ្នាំង)៖ ពលរដ្ឋដែលចេញទៅធ្វើការនៅក្រៅមូលដ្ឋាន បច្ចុប្បន្ននៅតែមានការលបលួចចូលមកក្នុងមូលដ្ឋានជាបន្តបន្ទាប់ បើទោះជាមានបំរាមពីរាជរដ្ឋា ភិបាល ហាមឃាត់មិនឱ្យធ្វើដំណើរឆ្លងកាត់ ពីខេត្តមួយទៅខេត្តមួយ ក្នុងកាលៈទេសៈ ដែលជំងឺកូវីដ-១៩ កំពុងតែរាតត្បាត គួរឲ្យព្រួយបារម្ភយ៉ាងនេះក៏ដោយ។

ដោយឡែក នៅខេត្តកំពង់ឆ្នាំងវិញ ក្រោយពីមានសេចក្តីសម្រេចពីរាជរដ្ឋាភិបាល រយៈពេលប៉ុន្មានថ្ងៃនេះ ប្រជាពលរដ្ឋទៅធ្វើការងារ នៅតាមតំបន់ផ្សេងក្រៅមូលដ្ឋាន បានបំពានបំរាមលបលួចចូលមកស្រុកកំណើតវិញជារៀងរាល់ថ្ងៃ។

លោកវេជ្ជបណ្ឌិត ងិន ចាន់សារ៉េត អនុប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១នេះឲ្យដឹងថា ក្នុងថ្ងៃទី១០ខែមេសា ម្សិលមិញនេះ តែមួយថ្ងៃក្រុមគ្រូពេទ្យឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង សហការជាមួយអាជ្ញាធរមូលដ្ឋាន បានប្រមូលប្រជាពលរដ្ឋ ដែលចូលមកពីក្រៅមូលដ្ឋាន សរុបបានចំនួន ១៤៧នាក់ និងកំពុងតែបន្តដើរយកតាមមូលដ្ឋានជាបន្តផងដែរ។

លោកវេជ្ជបណ្ឌិតបានបន្តថា តាមការណែនាំរបស់លោកអភិបាលខេត្ត ដែលលោកបានដាក់ចេញនូវវិធានការយ៉ាងតឹងរ៉ឹង ដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ មន្ទីរ និងអង្គភាពនៅជុំវិញខេត្តត្រូវតែអនុវត្តឲ្យបាន។ ចំពោះពលរដ្ឋដែលចូលពីក្រៅ មកដល់ក្នុងមូលដ្ឋាន ត្រូវតែយកពួកគាត់ទៅធ្វើចត្តាឡីស័ក ចំណែកពលរដ្ឋដែលមកពីតំបន់មានហានិភ័យខ្ពស់ នៃការរាលដាលជំងឺកូវិត-១៩ ត្រូវសម្ភាសសួរនាំឱ្យបានច្បាស់ មុននឹងយកទៅធ្វើចត្តាឡីស័ក។

រីឯនៅគ្រប់មណ្ឌលចត្តាឡីស័ក ត្រូវតែយាមការពារឲ្យបានម៉ឺងម៉ាត់ ជៀសវាងការលួចចេញ ទៅខាងក្រៅបាន។ ដោយឡែកនៅតាមបណ្ដាស្រុកមួយចំនួនទៀត ដែលមិនទាន់បានរៀបចំឱ្យមានមណ្ឌលចត្តាឡីស័ក ត្រូវតែសម្លឹងរកមើលទីតាំងណាដែលអាចយកបាន ត្រូវតែរៀបចំបង្កើតឲ្យមានជាចាំបាច់៕