(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ឯក សៀក សុជាតិ នាយរងសេនាធិការចម្រុះ និងជានាយកទីចាត់ការព្រំដែន បានទទូចទៅមន្រ្តីយោធាក្រោមឱវាទទាំងអស់ ត្រូវបំប៉នសមត្ថភាពបន្ថែម តាមការសិក្សា ប្រព័ន្ធព័ត៌មានវិទ្យា ប្រព័ន្ធបច្ចេកវិទ្យា (GPS) ភាសាបរទេស និងច្បាប់ជាតិ-អន្តរជាតិ ដើម្បីងាយស្រួលធ្វើការកាន់តែមានប្រសិទ្ធភាពខ្លាំងឡើង ជាពិសេសជាមួយដៃគូពាក់ព័ន្ធ។ នៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៦នេះ លោកឧត្តមសេនីយ៍ឯក សៀក សុជាតិ បានអញ្ជើញចូលរួមប្រជុំបូកសរុបការងារឆ្នាំ២០១៥ និងលើកទិសដៅការងារឆ្នាំ២០១៦ របស់ការិយាល័យទំនាក់ទំនងព្រំដែន កម្ពុជា-ថៃនៅសណ្ឋាគារ លី ហេងឆាយនាទីក្រុងប៉ោយប៉ែត។

លោកឧត្តមសេនីយ៍ទោ ពេជ្រ វណ្ណា នាយករងទីចាត់ការ ការងារព្រំដែន និងជាប្រធានការិយាល័យទំនាក់ទំនងព្រំដែន កម្ពុជា-ថៃ បានថ្លែងថា ប្រជាពលរដ្ឋខ្មែរ ដែលធ្វើចំណាកស្រុកទៅប្រទេសថៃ ទាំងស្របច្បាប់ និងមិនស្របច្បាប់ តែងតែជួបគ្រោះថ្នាក់ជាយថាហេតុ ញឹកញ៉ាប់ ខ្លះត្រូវបានចាប់ខ្លួនដាក់ពន្ធនាគារ ខ្លះបញ្ជូន ឲ្យត្រឡប់មកវិញហើយខ្លះទៀត ត្រូវបានសមត្ថកិច្ចថៃបាញ់សម្លាប់ផងដែរ។

លោកបានបន្តថា ការពង្រឹងសណ្តាប់ធ្នាប់ និងរក្សាស្ថេរភាព  ការងារព្រំដែនជាការងារ មួយដែលមានសារៈសំខាន់បំផុត នាពេលបច្ចុប្បន្ននេះ ហើយរាជរដ្ឋភិបាលនៅក្រោមការដឹកនាំរបស់សម្តេចនាយករដ្ឋមន្ត្រីតេជោ ហ៊ុន សែន បាន និងកំពុងមានការយកចិត្តទុកយ៉ាងខ្លាំងក្លា នៅលើការដោះស្រាយបញ្ហាព្រំដែនជាមួយបណ្តាប្រទេសជិតខាង ដើម្បីសុខសន្តិភាព មិត្តភាពកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍន៍។

លោកស្នើសុំឲ្យសហការជាមួយស្ថាប័នជំនាញពាក់ព័ន្ធទាំងអស់ ដែលត្រូវខិតខំពុះពារគ្រប់បែបយ៉ាង ក្នុងការបំពេញការងារតាមព្រំដែន មានសុខសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការស្របតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ លោកបានសំណូមពរអស់លោកប្រធានស្នាក់ការ ត្រូវយកចិត្តទុកដាក់ ភាពអ្នកដឹកនាំ តួរនាទី និងយកចិត្តទុកចំពោះមន្ត្រីក្រោមឱវ៉ាទ ជាពិសេសការហូបចុក។

នាឱកាសនោះលោកឧត្តមសេនីយ៍ឯក សៀក សុជាតិ បានថ្លែងទៅកាន់នាយទាហាន នៃការិយាល័យទំនាក់ទំនងព្រំដែន កម្ពុជា-ថៃ ទាំងអស់ ត្រូវបន្តខិតខំបន្ថែមទៀត ក្នុងការរឹតចំណងទំនាក់ទំនងល្អ ជាមួយប្រទេសជិតខាងជាប់ព្រំដែន ដើម្បីបង្កើនភាពងាយស្រួល ក្នុងការជួយអន្តរាគមន៍ដល់ប្រជាពលខ្មែរ ដែលមានបញ្ហាក្នុងទឹកដីប្រទេសគេ ជាពិសេសនោះ គ្រប់នាយទាហានដែលឈរជើងតាមបណ្តាច្រកព្រំដែន ត្រូវគ្រប់គ្រង ឲ្យបានល្អនូវរាល់ការចេញចូល របស់ប្រជាពលរដ្ឋខ្មែរ ទៅក្នុងទឹកដីថៃ និង ពលរដ្ឋ ថៃចូលមកកម្ពុជាតបតាមបទបញ្ជាារបស់អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ និងអគ្គមេបញ្ជាការរង និងជានាយសេនាធិការចំរុះ។

លោកឧត្តមសេនីយ៍ឯក សៀក សុជាតិ បានផ្តាំផ្ញើដល់បណ្តាការិយាល័យ ផ្នែក និងបុគ្គល ត្រូវយកចិត្តទុកដាក់បំប៉នសមត្ថភាពបន្ថែម តាមការសិក្សា ប្រព័ន្ធព័ត៌មានវិទ្យា ប្រព័ន្ធបច្ចេកវិទ្យា (GPS) ភាសាបរទេស និងច្បាប់ជាតិ អន្តរជាតិ ដើម្បីបង្កើនសមត្ថ ភាពរដ្ឋបាល ជាពិសេស ថ្នាក់ការិយាល័យ និងប្រធានក្រុមការងារ ប្រចាំតាមបណ្តាច្រក ត្រូវចេះបញ្ជូនព័ត៌មានជាអក្សរ និងរូបភាព មកថ្នាក់លើតាមឋានានុក្រម ដើម្បីក្តាប់សភាពការណ៍ និងរាយការជូនមកទីចាត់ការឲ្យទាន់ពេលវេលា ជាពិសេសត្រូវចេះសហការជាមួយសមត្ថកិច្ច អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ទប់ស្កាត់រាល់បទឧក្រិដ្ឋឆ្លងដែនគ្រប់ប្រភេទ ជួញដូរគ្រឿងញៀន ជួញដូរមនុស្ស និងធ្វើកិច្ចសហប្រតិបត្តិការ ទំនាក់ទំនង ជាមួយប្រទេសជិតខាង ជាឲ្យកាន់តែមានភាពល្អប្រសើរថែមទៀត។

លោកឧត្តមសេនីយ៍ បានបញ្ជាក់ថា «នាយទាហាន ទីចាត់ការការងារព្រំដែន ជានាយទាហានជំនាញ ដែលទាមទារឲ្យមានទាំងចំណេះដឹង និងចំណេះធ្វើគ្រប់ជំនាញពាក់ព័ន្ធ បង្កើនការសាមគ្គី យោគយល់ជួយឧបត្ថម្ភឲ្យបានល្អប្រសើរ ជាពិសេសបណ្តាច្រក ដែលស្ថិតនៅឆ្ងាយដាច់ស្រយាល»។

លោកបានបន្តទៀតថា ការិយាល័យទំនាក់ទំនងព្រំដែន កម្ពុជា-ថៃ សាលាការពារព្រំដែន បណ្តាការិយាល័យជំនាញ ត្រូវយកចិត្តទុកដាក់ការងារអប់រំចិត្តសាស្ត្រ ការងារគោលនយោបាយឲ្យបានល្អប្រសើរ ធ្វើយ៉ាងណាពីនេះ ទៅទល់បំណាច់ឆ្នាំ ធ្វើឲ្យមានភាពប្រែប្រួល។ លោកឧត្តមសេនីយ៍បានថ្លែងថា គណ:កម្មការកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខរបៀបរៀបរយតាមបណ្តោយព្រំដែន កម្ពុជា-ឡាវ ដែលប្រជុំថ្ងៃទី២៨-៣១ ខែមីនា ឆ្នាំ២០១៦ និងគណ:កម្មការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC)ប្រជុំថ្ងៃទី២១-២៤ ខែមីនា ឆ្នាំ២០១៦។

ជាចុងក្រោយលោកឧត្តមសេនីយ៍បានប្រាប់ទៅមន្រ្តីទាំងអស់ថា ម្នាក់ៗត្រូវងូតទឹក ដុសក្អែល និងឆ្លុះកញ្ចក់ខ្លួនឯង ដើម្បីឈានទៅដល់ការបំពេញកិច្ចការកាន់តែមានប្រសិទ្ធភាពជូនរាជរដ្ឋាភិបាល និងប្រជាជន៕