(ព្រះសីហនុ)៖ បុរសម្នាក់បានយកឡាមអារ-ក សម្លាប់នារីរងគ្រោះម្នាក់ដែលរស់នៅជាមួយគ្នាដូចប្ដីប្រពន្ធ រយៈពេល២ឆ្នាំ តែមិនបានរៀបការ ព្រោះខឹងខាងស្រីស្ដីបន្ទោសច្រើនដងពេក ធ្វើឲ្យខ្លួនទ្រាំមិនបាន។

ហេតុការណ៍នេះបានកើតឡើង នៅយប់ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ ស្ថិតក្នុងគ្រលុកមួយកន្លែង នៅបណ្តោយផ្លូវសែនជ័យ ភូមិគគី ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្រោយមកកម្លាំងនគរបាលជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ស្រាវជ្រាវចាប់ខ្លួនជនដៃដល់នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១។

របាយការណ៍របស់សមត្ថកិច្ច បានបញ្ជាក់ថា បន្ទាប់ពីទទួលព័ត៌មានភ្លាម ដោយមានការចង្អុលដឹកនាំពី លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ និងកម្លាំងអធិការនគរបាលក្រុងព្រះសីហនុ ដោយមានការដឹកនាំសម្របសម្រួលនិតិវិធីពីលោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះសីហនុ ចុះមកពិនិត្យទីតាំងកើតហេតុខាងលើ។

ឆ្លងតាមការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់បំផុត នៅវេលាម៉ោង០៣៖៣០នាទី ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ សមត្ថកិច្ចយើងបានរកឃើញ វិទ្យុទាក់ទងមួយគ្រឿង ម៉ាក MOTOROLA នៅក្នុងគ្រលុកថ្ម ក្បែរកន្លែងកើតហេតុ។ ការស្រាវជ្រាវជាបន្តបន្ទាប់រហូតដល់សមត្ថកិច្ច កំណត់បានអត្តសញ្ញាណជនសង្ស័យ ហើយបានធ្វើការឃាត់ខ្លួនសង្ស័យ នៅវេលាម៉ោង៨ព្រឹក ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១។

សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះឈ្មោះ យឹង សៅ អាយុ៣០ឆ្នាំ មុខរបរ បុគ្គលិកអនាម័យ ស្រុកកំណើត ភូមិត្រពាំងគគីរ ភូមិល្បើក ស្រុកឈូក ខេត្តកំពត មានទីលំនៅភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ដោយឡែក ជនដៃដល់ឈ្មោះ កែវ ថុល អាយុ៣៦ឆ្នាំ មុខរបរ សន្តិសុខ ស្រុកកំណើត ភូមិព្រៃផ្តៅ ឃុំភ្នំកុង ស្រុកអង្គរជ័យ ខេត្តកំពត មានទីលំនៅភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ជនសង្ស័យបានសារភាពថា ខ្លួនបានរួមរស់ជាមួយជនរងគ្រោះរយៈពេល២ឆ្នាំហើយ ដោយមិនបានរៀបការទេ មូលហេតុឈានដល់ការសម្លាប់ជនរងគ្រោះនេះ ដោយសារខ្លួន និងជនរងគ្រោះ តែងតែមានជម្លោះនឹងគ្នាសឹងរាល់ថ្ងៃ ហើយជនរងគ្រោះប្រើពាក្យសម្តីជេរប្រមាថតិះដៀលមកលើខ្លួន។

រហូតដល់ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ វេលាម៉ោងប្រហែល២២យប់ ខ្លួនបានបបួលជនរងគ្រោះផឹកស៊ី រហូតដល់វេលាម៉ោង០១ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ ខ្លួនបានដឹកជនរងគ្រោះទៅដេកនៅផ្ទះសំណាក់ ខណៈនោះជនរងគ្រោះបានប្រើសម្តីថា «មុខហ្អែងគ្មានប្រាក់នាំយើង ដេកផ្ទះសំណាក់ទេ មានតែដេកក្នុងព្រៃ» ពេលនោះជនសង្ស័យ បានជិះម៉ូតូចូលទៅកន្លែងកើតហេតុខាងលើ ដោយទ្រាំនឹងសម្តីជនរងគ្រោះមិនបាន ខ្លួនបានធ្វើសកម្មភាពសម្លាប់ជនរងគ្រោះ ប្រើឧបករណ៍សាកថ្ម វាយក្បាល, វាយភ្នែក, វាយមាត់, យកដៃច្របាច់ក បណ្តាលឲ្យសន្លប់ ហើយយកផ្លែឡាមអារ-ក រហូតដល់ជនរងគ្រោះដាច់ខ្យល់ស្លាប់ នៅនឹងកន្លែងកើតហេតុ រួចបានរត់គេចខ្លួន។

បច្ចុប្បន្នកម្លាំងការិយាល័យជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនជនដៃដល់ទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់៕