(ភ្នំពេញ)៖ ក្រុមនិស្សិតប្រមាណ១០០នាក់ មកពីសាកលវិទ្យាល័យនានា គ្រោងនឹងលើកគ្នាទៅតវ៉ានៅក្នុងវេទិកាសាធាណៈ របស់គណបក្សសង្រ្គោះជាតិ នៅខេត្តព្រះសីហនុ នាព្រឹកស្អែកនេះ ដើម្បីទាមទារឱ្យ លោក កឹម សុខា ចេញមុខបកស្រាយអំពី​សំឡេង​ខ្សែអាត់ ដែលនាំឱ្យផ្ទុះរឿងអាស្រូវស្នេហា​ជុំវិញខ្លួនលោក។

លោក ប៉េង ភិរេន តំណាងឱ្យក្រុមនិស្សិតទាំងនោះ បានអះអាងប្រាប់ Fresh News ថា ក្រុមយុវនិស្សិតនឹងជំរុញឱ្យ លោក កឹម សុខា បកស្រាយថា «ពិត ឬមិនពិត» ជុំវិញសំឡេង​ខ្សែអាត់នោះ ហើយលោកនឹងជាអ្នកសួរ​សំណួរ​ទៅកាន់លោក កឹម សុខា ដោយផ្ទាល់

លោក ភិរេន ថា «ខ្ញុំនឹងទៅសួរគាត់នៅក្នុងវេទិកានោះតែម្តង ហើយយើងនឹងកាន់ក្បាលមេក្រូនិយាយម្នាក់មួយ ...យើងមិនខ្លាចការប៉ះទង្គិចទេ ហើយយើងមិនទៅប្រព្រឹត្តហិង្សា អត់ទៅជេរ អត់មានកាន់ដំបងទេ គឺទៅដោយដៃទទេទាំងអស់ កាន់តែក្រដាសទេ គឺសុំឱ្យគាត់ឆ្លើយ»

រយៈពេលជិត១សប្តាហ៍កន្លងទៅនេះ រឿងអាស្រូវរបស់លោក កឹម សុខា បានផ្ទុះឡើងជាថ្មី នៅលើបណ្តាញសង្គម Facebook និងសារព័ត៌មាន បន្ទាប់ពីមានការបែកធ្លាយសំឡេង​សាងសងស្នេហាមួយ រវាងបុរសម្នាក់ដែលគេជឿថា ជាសម្លេងរបស់លោក កឹម សុខា ជាមួយនារីវ័យក្មេងឈ្មោះ «ស្រីមុំ» ដែលគេសង្ស័យ​ថាជាស្រីកំណាន់។ តាមសំឡេង​ខ្សែអាត់នោះបង្ហាញថា ភាគីខាង បានណាត់​នារីវ័យក្មេងម្នាក់ ដែលគេទៅដើរលេងនៅក្រៅប្រទេស និយាយអំពីរឿងលើគ្រែ ព្រមទាំងមានការផ្តល់លុយជូនស្រីកំណាន់ផងដែរ ។

កាលពីម្សិលមិញ ក្រោយកិច្ចប្រជុំថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ទាំង២៥ រាជធានី-ខេត្ត នៅស្នាក់ការគណបក្សសង្រ្គោះជាតិ លោក កឹម សុខា និងមន្រ្តីគណបក្សសង្រ្គោះជាតិ បានព្យាយាមមិន​បកស្រាយ ជុំវិញការផ្ទុះរឿងអាស្រូវស្នេហាតាមរយៈខ្សែអាត់សំឡេង​ ដែលគេបង្ហោះនៅលើទំព័រ Facebook ។ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ បានបដិសេធមិននិយាយអ្វីសោះ នៅចំពោះមុខអ្នកសារព័ត៌មាន ដែលរង់ចាំសម្ភាសន៍រូបលោក ខណៈដែល លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ បានប្រាប់ក្រុមអ្នកសារព័ត៌មានថា លោកមិនជជែកវែកញែក​ជុំវិញរឿងខ្សែអាត់សំឡេង​នេះនោះទេ ហើយចាត់ទុកថា ការលេចចេញនូវខ្សែអាត់សំឡេង​នោះ គឺជារឿងខុសនឹងមូលដ្ឋានច្បាប់។

ទោះជាយ៉ាងនេះក្តី លោក ប៉េង ភិរេន តំណាងឱ្យក្រុមនិស្សិត បានលើកឡើងថា សំឡេង​ដែលគេសង្ស័យថា ជាលោកកឹម សុខានោះ មានលក្ខណៈប៉ះពាល់ដល់ផ្លូវច្បាប់ និងសីលធម៌សង្គម ដូចជាការ​និយាយ​ឱ្យភាគីស្រ្តីនោះការពារ នៅពេលដែលនាងនិយាយថាចង់ចាញ់ (កូន) ការលួចមានទំនាក់ទំនងផ្លូវភេទ​ជាមួយនារីដទៃជាដើម។

ទោះជាយ៉ាងនេះក្តី ចំពោះរឿងនេះ Fresh News មិនទាន់អាចទំនាក់ទំនងតាមទូរស័ព្ទ និងអ៉ីម៉ែល សុំការឆ្លើយតបពីលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ បាននៅឡើយទេ៕