(កំពត)៖ លោក ជាវ តាយ អភិបាលខេត្តកំពត បានបន្តចុះពិនិត្យមើល និងសួរសុខទុក្ខក្រុមគ្រូពេទ្យ និងអតីតយុទ្ធជន ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលប្រព្រឹត្តទៅ នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ នៅមន្ទីរពេទ្យបង្អែកខេត្តកំពត។ សកម្មភាពនេះ ធ្វើឡើងដោយមានការចូលរួមពីសំណាក់ អភិបាលរងខេត្ត ប្រធានមន្ទីរសុខាភិបាលខេត្តកំពត និងមន្ត្រីនៃមន្ទីរ ស្ថាប័ន អង្គភាព កងកម្លាំងពាក់ព័ន្ធជាច្រើនរូបទៀត។

ដោយឡែកក្នុងថ្ងៃនេះ សម្រាប់នៅទូទាំងខេត្តកំពត ដែលរៀបចំដោយរដ្ឋបាលខេត្ត មានអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ត្រូវបានទទួលការចាក់វ៉ាក់សាំងកូវីដ-១៩នេះ សរុបមានចំនួន ៤,៣១២នាក់ ក្នុងនោះស្រីមានចំនួន១,៥៩២នាក់ ផ្អែកតាមគម្រោងកម្មវិធីនៃយុទ្ធនាការនេះ មានរយៈពេលបីថ្ងៃ ដោយអនុវត្តនៅតាមបណ្ដាក្រុង ស្រុកទាំង៨ ក្នុងខេត្ត។

លោក ជាវ តាយ បានថ្លែងថា សម្ដេចតេជោ ហ៊ុនសែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជានិច្ចកាលសម្ដេចទាំងទ្វេ តែងតែបាននឹកដល់គុណបំណាច់របស់បងប្អូនអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន មិនដែលបំភ្លេចពេលណាឡើយ។

ដោយផ្អែកលើគុណបំណាច់ដែលមិនអាចបំភ្លេចបាននេះហើយ ស្ថិតក្នុងស្ថានភាពបច្ចុប្បន្នដែលប្រទេសកម្ពុជាយើង និងពិភពលោកទាំងមូលបានកំពុងរងការយាយី ដោយ ជំងឺកូវីដ១៩ ដែលជាជំងឺកាចសាហាវមិនទាន់មានថ្នាំព្យាបាលនៅឡើយ។

សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល បានខិតខំស្វះស្វែងរកជំនួយ និងការទិញវ៉ាក់សាំងដើម្បីចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ។ ជាក់ស្ដែងថ្ងៃនេះបងប្អូនអតីតយុទ្ធជន និងក្រុមគ្រួសារអតីតយុទ្ធជន ក៏ត្រូវបានសម្ដេចតេជោ ហ៊ុន សែន យកចិត្តទុកដាក់ក្នុងក្របខ័ណ្ឌទូទាំងប្រទេស សម្រាប់ផ្ដល់ជូនវ៉ាក់សាំងការពារជំងឺកូវីដ-១៩ នេះដោយស្ម័គ្រចិត្តនិងឥតគិតថ្លៃផងដែរ។

លោក ជាវ តាយ ក៏បានលើកទឹកចិត្ត និងសូមឱ្យបងប្អូនអតីតយុទ្ធជន និងគ្រួសារ មកទទួលការចាក់វ៉ាក់សាំងឱ្យបានគ្រប់គ្នា ដោយឥតគិតថ្លៃ ក្នុងគោលដៅដើម្បីយើងទាំងអស់គ្នា រួមគ្នាប្រយុទ្ធប្រឆាំង និងបង្ការទប់ស្កាត់ជំងឺកូវីដ១៩។ ពិសេសការរួមគ្នាទប់ស្កាត់ កុំឱ្យមានការឆ្លងរីករាលដាលក្នុងសហគមន៍ ខេត្តកំពត។

សូមបញ្ជាក់ថា ការចាក់វ៉ាក់សាំង ក្នុងក្របខណ្ឌទូទាំងខេត្តកំពត ទាំងជំហានទី១ និងជំហានទី២ ជូនដល់កងកម្លាំង មន្ត្រីរាជការ ជួរមុខ និងមុខព្រួញអាទិភាពរបស់ប្រជាពលរដ្ឋ រហូតមកដល់ពេលនេះ មានចំនួនសរុប ១៥,៨៦៦នាក់ ហើយក្នុងនោះមាន ស្រីចំនួន ៦,១៨៣នាក់៕