(ព្រះវិហារ)៖ លោក ហោ ប៊ុនហួរ អភិបាលស្រុក និងជាប្រធានកិត្តិយសគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុករវៀង នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់អនុសាខាកាកបាទក្រហមកម្ពុជាស្រុក ប្រគល់ជូនពលរដ្ឋមួយគ្រួសារ ដែលរងគ្រោះដោយភ្លើងឆេះផ្ទះអស់ទាំងស្រុង និងទ្រព្យសម្បត្តិមួយចំនួន កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ ក្នុងភូមិថ្នល់កោង ឃុំរំដោះ ស្រុករវៀង ខេត្តព្រះវិហារ។

នៅក្នុងឱកាសនោះ លោក ហោ ប៊ុនហួរ ក៏បានថ្លែងពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា លោកទេសរដ្ឋមន្រ្តី មាស សុភា ប្រធានកិត្តិយស គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ និងលោក ប្រាក់ សុវណ្ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ ដែលជានិច្ចជាកាលតែងគិតគូរយកចិត្តទុកដាក់ពីសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋងាយរងគ្រោះផ្សេងៗ។

លោក ហោ ប៊ុនហួរ ក៏បានចូលរួមសោកស្តាយជាមួយក្រុមគ្រួសាររងគ្រោះដោយគ្រោះអគ្គីភ័យ ដែលត្រឹមតែរយៈពេលមួយប៉ព្រិចភ្នែក បានបំផ្លាញផ្ទះសំបែង និងទ្រព្យសម្បត្តិគ្មានសល់។ លោកថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា គឺមិនទុកឱ្យបងប្អូនប្រជាពលរដ្ឋណាម្នាក់រស់នៅក្នុងភាពឯកោ និងអតលឃ្លាននោះទេ។ ជាក់ស្តែងថ្ងៃនេះបន្ទាប់ពីបានទទួលដំណឹងពីគ្រោះអគ្គីភ័យឆេះបំផ្លាញផ្ទះសំបែង ទ្រព្យសម្បត្តិប្រជាពលរដ្ឋភ្លាម លោកបានដឹកនាំអាជ្ញាធរមូលដ្ឋាន កាកបាទក្រហមកម្ពុជា នាំអំណោយមកប្រគល់ជូនភ្លាមៗ ដើម្បីសម្រាលការខ្វះខាត។

អំណោយមនុស្សធម៌របស់គណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុករវៀង ដែលនាំមកប្រគល់ជូននៅពេលនេះរួមមាន៖អង្ករ៣បេ, តង់១, មី ២កេស, ត្រីខ១យួរ, ទឹកសុទ្ធ ១កេស, ទឹកផ្លែឈើ១កេស ព្រមទាំងថវិកាសប្បុរសជន សរុបចំនួន ៣,៧៤៩,៥០០រៀលផងដែរ៕