(ភ្នំពេញ)៖ មន្រ្តីជំនាញសាខាកាំកុងត្រូលកំពង់ផែ អន្តរជាតិភ្នំពេញ នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៦នេះ បានចុះអង្កេត និងឃ្លាំពិនិត្យការលក់ ផលិតផលម្សៅទឹកដោះគោ នៅតាមហាងលក់ទំនិញ និងភេសជ្ជៈក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

លោក ប៊ុន សុខុមា អនុប្រធានសាខាបានឲ្យដឹងថា ការចុះអង្កេតនេះ បានផ្ដោតសំខាន់ទៅលើផលិតផល ទំនិញជាគ្រឿងឧបភោគ បរិភោគ និងនំចំណី ក្នុងគោលដៅណែនាំអប់រំ និងផលប៉ះពាលពីការបរិភោគទំនិញ ម្ហូបអាហារមិនប្រក្រតី ដូចជាទំនិញ ខូចគុណភាព និងផុតកំណត់រយៈពេលប្រើប្រាស់ ធានានូវសុវត្ថិភាព និងសុខមាលភាពជូនដល់អ្នកប្រើប្រាស់ ជាពិសេសការអនុវត្តអនុក្រឹត្យ១៣៣ អនក្រ-បក ស្តីពីការផ្សព្វផ្សាយលក់ផលិតផល សំរាប់ចិញ្ចឹមទារក និងកុមារ ដើម្បីទប់ស្កាត់ការផ្សេព្វផ្សាយ លក់ផលិតផលសំរាប់ចិញ្ចឹមទារក និងកុមារ ពុំសមស្របដែលនាំអោយប៉ះពាល់ ដល់ការយល់ដឹង និងជំរុញការអនុវត្តបំបៅកូនពីអាយុ០-៦ខែ ដោយទឹកដោះម្តាយសុទ្ធ ។

ការផ្សព្វផ្សាយលក់ផលិតផល ពុំសមស្របនោះរួមមានជាអាទិ៍៖  ស្លាកសញ្ញាផលិតផល ការផ្សព្វផ្សាយពាណិជ្ជកម្ម និងសកម្មភាពឃោសនាបង្ហាញផលិតផល ឬជំរុញលក់ផលិតផល ដែលធ្វើអោយប៉ះពាល់ដល់ការអនុវត្តគោលនយោបាយបំបៅទារក និងកុមារ ដោយទឹកដោះម្តាយសុទ្ធ ជាពិសេសការអនុវត្តផ្ទុយនឹងអនុវត្តក្រឹត្យលេខ១៣៣ ៕