(ភ្នំពេញ)៖ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រកាសថា គិតត្រឹមព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១នេះ ប្រជាពលរដ្ឋកម្ពុជាប្រមាណជិត១លាននាក់ហើយ ដែលបានចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ រួចរាល់។

ក្នុងឱកាសថ្លែងសារទៅកាន់ជនរួមជាតិ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១នេះ សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា ចំនួនប្រជាពលរដ្ឋកម្ពុជាជិត១លាននាក់ ដែលទទួលបានការចាក់វ៉ា់ក់សាំងនេះ គឺជាចំនួនមួយខ្ពស់ ក្នុងបណ្ដាញប្រទេសអាស៊ាននាពេលបច្ចុប្បន្ននេះ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ការចាក់វ៉ាក់សាំងរបស់យើង បានដំណើរការរហូតមកដល់ពេលនេះ គឺបានជិត១លាននាក់រួចទៅហើយ។ កងទ័ពបាន២១៩,៦០៣នាក់ ហើយថ្ងៃនេះអាចកងទ័ពឡើងទៅដល់២២ម៉ឺននាក់ដែលចាក់។ ផ្នែកស៉ីវិល គឺចាក់បាន៦៧៨,០០០នាក់។ បើប្រៀបធៀបក្នុងតំបន់ ចំនួនដែលកម្ពុជាបានទទួលការចាក់វ៉ាក់សាំងក៏ចាត់ទុកថា អត្រាមិនទាបជាងប្រទេសដ៏ទៃនោះទេ»

សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានគូសបញ្ជាក់ថា កម្ពុជាមានប្រជាជនសរុបជាង១៦លាននាក់ ហើយចាក់បាន១លាននាក់ អាចចាត់ទុកថាជាដំណើរការមួយលឿន។ បើតាមប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នៅឆ្នាំ២០២១នេះ វ៉ាក់សាំងជាង១១លានដូស នឹងមកដល់ប្រទេសកម្ពុជា បើមិនមានអ្វីប្រែប្រួលទេនោះ។

គួរជម្រាបថា បច្ចុប្បន្នកម្ពុជាកំពុងដំណើរការយ៉ាងរលូន ដើម្បីចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋដោយស្ម័គ្រចិត្ត។ តាមការរំពឹងទុករបស់សម្ដេចតេជោ ហ៊ុន សែន កម្ពុជានឹងចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋប្រមាណ១០លាននាក់ ដើម្បីមានភាពស៉ាំជាមួយនឹងជំងឺនេះ។

ពាក់ព័ន្ធដំណើរការចាក់វ៉ាក់សាំងនេះ កាលពីប៉ុន្មានថ្ងៃមុន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញនូវបទបញ្ជាថ្មីមួយជូនទៅបណ្ដាក្រសួង ស្ថាប័នរដ្ឋទាំងអស់ ត្រូវពិនិត្យឡើងវិញ ចំពោះមន្ដ្រីរូបណាដែលមិនទាន់បានចាក់វ៉ាក់សាំងរួចរាល់។ សម្ដេចសង្កត់ធ្ងន់ថា អ្នកដែលមិនទទួលបានការចាក់វ៉ាក់សាំង អាចនឹងត្រូវបានគេរើសអើង ពិសេសអាចនឹងត្រូវមិនអនុញ្ញាតឲ្យចូលបម្រើការងារនៅតាមស្ថាប័នថែមទៀតផង។

សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានអះអាងថា ការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩នេះ គឺដើម្បីតែការពារសុខភាពបុគ្គល និងសុខភាពប្រជាពលរដ្ឋទូទៅតែប៉ុណ្ណោះ។ ឆ្លើយតបចំពោះមតិមួយចំនួនតូច ដែលបានរិះគន់អំពីចំណាត់ការនេះ និងចោទថា សម្ដេចជាមនុស្សផ្ដាច់ការនោះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចសុខចិត្តធ្វើជាអ្នកផ្តាច់ការ ដើម្បីជាតិកម្ពុជារស់។

យ៉ាងណាមិញ សន្ទុះនៃការចង់ទទួលបាននូវវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ពីសំណាក់ប្រជាពលរដ្ឋនៅទូទាំងប្រទេស មានការកើនឡើងយ៉ាងខ្លាំង ព្រោះពួកគាត់ចាត់ទុកថា ការទទួលបាននូវវ៉ាក់សាំងនេះ គឺប្រៀបបានដូចជាពួកគាត់មានអាវក្រោះដើម្បីការពារជំងឺកូវីដ១៩យ៉ាងដូច្នេះដែរ ប៉ុន្ដែសម្ដេចតេជោ ហ៊ុន សែន នៅតែបន្ដអំពាវនាវដល់ប្រជាពលរដ្ឋដែលទទួលបានវ៉ាក់សាំងរួចហើយក្ដី ឬមិនទាន់ទទួលបានក្ដី ត្រូវបន្ដចូលរួមអនុវត្តវិធានការ «៣ការពារ និង៣កុំ» បន្ដទៀត។

របាយការណ៍ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានគិតត្រឹមថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ ទូទាំងប្រទេសសរុបចំនួន ៨៩៥,៣០៩នាក់។

* ក្រសួងសុខាភិបាល ចាក់បានចំនួន ៦៧៨,៤០៦នាក់
* ក្រសួងការពារជាតិ ចាក់បានចំនួន ២១៦,៩០៣នាក់៕