(ភ្នំពេញ)៖ ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ លោក កឹម សុខា គ្រោងនឹងចុះជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ តាមវេទិកាសាធារណៈមួយ នៅភូមិអូតាប៉ាង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៦ ស្អែកនេះ។

នៅលើបណ្តាញសង្គម Facebook លោក កឹម សុខា បានបញ្ជាក់ថា នៅថ្ងៃសៅរ៍ ទី០៥ ខែមីនា វេលាម៉ោង៨ព្រឹក លោក កឹម សុខា នឹងចុះទៅខេត្តព្រះសីហនុ ហើយថ្ងៃអាទិត្យ លោកនឹងត្រឡប់មកធ្វើវេទិកាសាធារណៈនៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញវិញ។

សូមបញ្ជាក់ថា ៣-៤ថ្ងៃកន្លងទៅនេះ រឿងអាស្រូវរបស់លោក កឹម សុខា បានផ្ទុះឡើងជាថ្មី នៅលើបណ្តាញសង្គម Facebook និងសារព័ត៌មាន បន្ទាប់ពីមានការបែកធ្លាយសម្លេងសាងសងស្នេហាមួយ រវាងបុរសម្នាក់ដែលគេជឿថាជាសម្លេងរបស់លោក កឹម សុខា ជាមួយនារីវ័យក្មេងឈ្មោះ «ស្រីមុំ»។ សម្លេងខ្សែអាត់នោះបង្ហាញថា ភាគីខាងប្រុសដែលគេសន្និដ្ឋានថាជា លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិនោះ បានណាត់នារីវ័យក្មេងម្នាក់ ដែលគេទៅដើរលេងនៅក្រៅប្រទេស និយាយអំពីរឿងលើគ្រែ ព្រមទាំងមានការផ្តល់លុយជូនស្រីកំណាន់ផងដែរ ។

សម្លេងនេះដំបូងឡើយត្រូវបានបែកធ្លាយនៅលើ Facebook មួយឈ្មោះស្រីមុំ ហើយត្រូវបានសារព័ត៌មាននានាយកទៅចុះផ្សាយ ជាបន្តបន្ទាប់ប្រៀបបីដូចជា វីដេអូភាគយ៉ាងជក់ចិត្ត៕