(កំពង់ឆ្នាំង)៖ បុរសម្នាក់ត្រូវបានព្យាបាលជំងឺកូវីដ-១៩ ជាសះស្បើយ ហើយត្រូវគ្រូពេទ្យអនុញ្ញាតឲ្យមកធ្វើចត្តាឡីស័កនៅផ្ទះ ឯរាជធានីភ្នំពេញ រយៈពេល ១៤ថ្ងៃទៀតសិន តែបុរសនេះបែរជាបង្ហួសមកផ្ទះនៅខេត្តកំពង់ឆ្នាំង និងដើររហេតុរហូតពេញភូមិ ក៏ត្រូវអាជ្ញាធរខេត្តកំពង់ឆ្នាំង យកធ្វើចត្តាឡីស័កវិញនៅមណ្ឌលវិញ។

បើតាមការឲ្យដឹងពីលោក សេង វិចិត្រ អភិបាលរងស្រុករលាប្អៀរ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១នេះថា បុរសខាងលើ ជាអ្នកបើកបររថយន្តឱ្យប្ដីប្រពន្ធពីរនាក់ ដែលផ្ទុកកូវីដ១៩ មានទីលំនៅក្នុងរាជធានីភ្នំពេញ និងមានចំការនៅភូមិទ័ពត្បែង ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ហើយបានធ្វើឲ្យពាក់ព័ន្ធដល់ប្រជាពលរដ្ឋជាច្រើននៅក្នុងឃុំពង្រ បង្កើតជាព្រឹត្តិការណ៍រហូតដល់មានការបិទផ្សារពង្រជាច្រើនថ្ងៃកន្លងទៅនេះ។

បុរសរូបនេះ បន្ទាប់ពីដាក់ឱ្យនៅព្យាបាលឯរាជធានីភ្នំពេញបានជាសះស្បើយហើយ គ្រូពេទ្យមិនអនុញ្ញាតឲ្យធ្វើដំណើរចាកចេញទៅណាទេ ត្រូវបន្តធ្វើចត្តាឡីស័ក១៤ថ្ងៃទៀតនៅផ្ទះរាជធានីភ្នំពេញ និងមានការណែនាំផ្សេងៗឲ្យរង់ចាំពិនិត្យនៅស្ថានភាពជំងឺជាបន្តទៀតសិន តែបុរសម្នាក់នេះ មិនបានស្ដាប់ការណែនាំរបស់ក្រុមគ្រូពេទ្យ និងអាជ្ញាធរនោះទេ។ រូបគេបានធ្វើដំណើរមកកាន់ភូមិទ័ពត្បែង ឃុំពង្រ ស្រុករលាប្អៀរ ដែលជាភូមិកំណើតរបស់គេទាំងយប់ ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ ហើយត្រូវបានអាជ្ញាធរមូលដ្ឋាន និងក្រុមគ្រូពេទ្យឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង ទៅដឹកយកឲ្យធ្វើចត្តាឡីស័ក នៅយប់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១នេះ។

លោកបានឲ្យដឹងទៀតថា បន្ទាប់ពីគាត់បានមកដល់ភូមិទ័ពត្បែង ដែលជាភូមិកំណើតរបស់គាត់នៅយប់ថ្ងៃទី៧ ខែមេសា ហូតដល់ថ្ងៃទី៨ ខែមេសា គាត់បានធ្វើដំណើរក្នុងភូមិត្បែង នៅភូមិថ្មី ដែលជាផ្ទះប្រពន្ធរបស់គាត់នៅទីនោះ។ នៅដល់យប់ទី៨ ខែមេសា ទើបអាជ្ញាធរដឹងព័ត៌មាននេះ និងបានរាយការណ៍ជាបន្តបន្ទាប់ ទើបក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលខេត្តបានយករថយន្តទៅដាក់បុរសខាងលើ យកមកធ្វើចត្តាឡីស័កផងដែរ។

បុរសរូបនេះ ថ្វីបើបានព្យាបាលជាសះស្បើយពីមន្ទីរពេទ្យហើយក៏ដោយ ក៏ខាងមន្ទីរពេទ្យបានអនុញ្ញាតឲ្យគាត់ចេញមកធ្វើចត្តាឡីស័កបន្ថែមទៀតរយៈពេល ១៤ថ្ងៃ នៅហ្នឹងផ្ទះខ្លួនឯង ឯរាជធានីភ្នំពេញ ដែលមានអាស័យដ្ឋានដូចនៅក្នុងសំបុត្រពេទ្យបានបញ្ជាក់ជូនស្រាប់ ដោយមិនទាន់អនុញ្ញាតឲ្យដើរចេញទៅក្រៅរហេតរហូតនោះឡើយ។

គ្រូពេទ្យបានណែនាំឲ្យគាត់ ត្រូវពាក់ម៉ាស លាងសម្អាតដៃ ជាមួយអាល់កុល ឬសាប៊ូរាល់ពេលបរិភោគ និងប៉ះផ្ទៃមុខ ត្រូវរក្សាគម្លាត ០១ម៉ែត្រកន្លះឡើងទៅ ហើយនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ត្រូវមកជួបគ្រូពេទ្យ ដើម្បីធ្វើតេស្តសារឡើងវិញទៀតផង ប៉ុន្តែបែរជារត់ទៅស្រុកកំណើត នៅខេត្តកំពង់ឆ្នាំងទៅវិញ៕