(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីណែនាំ ស្ដីពី វិធានការសម្រាប់មន្ត្រីអប់រំ បម្រើការនៅតាមអង្គភាព ថ្នាក់ជាតិ ក្នុងការបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩។

ក្នុងសេចក្ដីណែនាំដែលបណ្តាញព័ត៌មាន Fresh News ទទួលបានឲ្យដឹងថា ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ ការរាតត្បាតនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ក្រសួងអប់រំ យុវជន និងកីឡា សូមណែនាំដល់មន្ត្រីអប់រំបម្រើការ នៅតាមអង្គភាពថ្នាក់ជាតិទាំងអស់ ដូចខាងក្រោម៖

* រាល់ការងាររដ្ឋបាលទាំងអស់ ត្រូវអនុវត្តតាមប្រព័ន្ធអនឡាញ ទាំងស្រុង
* មន្ត្រីអប់រំទាំងអស់ត្រូវបំពេញការងារ នៅតាមផ្ទះរៀងៗខ្លួន តាមប្រព័ន្ធអនឡាញ
* គ្រប់អង្គភាពទាំងអស់ មិនចាំបាច់រៀបចំវេនការងារ ឬមន្ត្រីប្រចាំការ
* អង្គភាពថ្នាក់ជាតិទាំងអស់ ត្រូវតាមដាន និងរាយការណ៍ជាប្រចាំអំពី ស្ថានភាពសុខភាពរបស់មន្ត្រី
* ករណីមានការសង្ស័យ ឬសភាពមិនប្រក្រតី ដែលជារោគសញ្ញានៃជំងឺកូវីដ-១៩ ត្រូវរាយការណ៍ ឬ ទូរស័ព្ទ ទៅលេខ ១១៥ ជាបន្ទាន់។

ក្រសួងបញ្ជាក់ថា ទទួលបានសេចក្តីណែនាំនេះ អង្គភាពថ្នាក់ជាតិទាំងអស់ នៃក្រសួងអប់រំ យុវជន និងកីឡា ត្រូវផ្សព្វផ្សាយឲ្យបានទូលំទូលាយ និងចូលរួមសហការអនុវត្ត ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕